រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនលិខិតសរសើរដល់លោកសាស្រ្តាចារ្យ Takeshi Nakagawa សម្រាប់ការចូលរួមថែរក្សាការពារប្រាសាទអង្គរវត្ដ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីការបរទេសជប៉ុន បានផ្ដល់ជូននូវលិខិតសរសើរចំពោះលោកសាស្រ្តាចារ្យ Takeshi Nakagawa ដែលជាសហប្រធានគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ ដែលបាន​ចូល រួមចំណែកទៅលើការថែរក្សាការពារបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹង ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើយោងតាម សេចក្ដី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់លិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនចំពោះ លោកសាស្រ្តាចារ្យ Takeshi Nakagawa ដែលជាសហប្រធានគម្រោងជប៉ុន-អប្សរា ការពារ ប្រាសាទអង្គរ (JASA) កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។​

លោកសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និងជាសាស្រ្តាចារ្យ កិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបានដឹកនាំក្រុម រាជរដ្ឋាភិបាល ជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរចាប់តាំងពីពេលបង្កើតឡើង ដំបូងនៅឆ្នាំ១៩៩៤ និងបានអនុវត្តន៍នូវគម្រោង​អភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបាន ចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និង ប្រាសាទបាយ័ន។ ជាមួយគ្នានេះ ចាប់ពីឆ្នាំ២០០៥មក គម្រោងជួសជុល ប្រាសាទបាយ័ន ត្រូវ បានអនុវត្តន៍រួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះថា JASA ហើយតាមរយៈ គម្រោង ជួល​ជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប។ លោកសាស្រា្ត ចារ្យ ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និងការអភិរក្សតំបន់សំបូរព្រៃ គុក ផងដែរ។
សូមបញ្ជាក់ថា លិខិតសរសើរនេះ ត្រូវបានប្រគល់ជូនលោកសាស្រ្តាចារ្យចំពោះការ ចូល​រួមចំណែកទៅលើការថែរក្សាការពារបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និង ការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា៕

ដោយ អ៊ុន រិទ្ធី