ខេត្តព្រះវិហារ ប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៨

AKP ព្រះវិហារ ថ្ងៃទី០ ខែធ្នូ ឆ្នាំ២០១៨ –នៅមណ្ឌលពហុកីឡដ្ឋានខេត្តព្រះវិហារ មានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥» ដែលប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង អភិបាលរងខេត្តនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោមានការចូលរួមពីប្រធាន អនុប្រធាមន្ទីរ អង្គភាពជុំវិញខេត្ត សិស្សានុសិស្ស យុវជនកាយឫទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា (ស....)កាលពីថ្ងៃន្ទ ១១រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ។

លោកជំទាវ ចឹក ហេង បានមានប្រសាសន៍ថា ទោះបីកម្ពុជាទទួលបានជោគជ័យជាច្រើនលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក៏ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតដែលត្រូវបន្តដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសការងារទប់ស្កាត់ការចម្លងថ្មីនៃមេរោគនេះយើងក៏ត្រូវមានការចូលរួមពីបណ្តាអង្គការនានា ដែលធ្វើការងារពាក់ព័ន្ធមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងនោះរួមទាំងតំណាងនៃសង្គមស៊ីវផងដែរ ។

លោកជំទាវបានបន្តថា បច្ចុប្បន្នមានមនុស្សប្រមាណជា៦៧.០០០នាក់ នៅក្នុងប្រទេសកម្ពុជា កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានមើលថែអ្នកជំងឺអេដស៍ប្រមាណ ១លាននាក់ហើយនៅក្នុងបេសកកម្មនេះ បើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិបានបង្ហាញថា មនុស្សជាង៣៦លាននាក់កំពុងរស់ជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅជុំវិញពិភពលោក ហើយបច្ចុប្បន្ននេះមានអ្នកជំងឺរាប់លាននាក់កំពុងទទួលបានការសង្គ្រោះជីវិត ដោយឱសថប្រឆាំងមេរោគអេដស៍ ដែលប្រការនេះគឺទាមទារឱ្យថ្នាក់ដឹកនាំពិភពលោក និងមនុស្សទូទាំងសកលលោកត្រូវតែបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ទាំងអស់គ្នា ។

 លោកជំទាវចឹក ហេង ក៏បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​បងប្អូន​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ហូបចុក​ទទួលទាន​ឱ្យបាន​គ្រប់គ្រាន់ និង​ទៅ​ទទួល និង​លេប​ឱសថ​ប្រឆាំង​មេរោគ (ARV) ឱ្យបាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​បាន​សំណូមពរ​ដល់​សាធារណជន​ទាំងអស់​មិន​ត្រូវ​មាក់ងាយ និង​រើសអើង​ជាមួយ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ជាដាច់ខាត ហើយ​ត្រូវ​បង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទទួលបាន​សេវា​សុខភាព សេវា​គាំពារ​សង្គម និង​ការការពារ​ផ្លូវច្បាប់ ។

ក្នុងឱកាសដែរលោកជំទាវក៏បានផ្តល់អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ចំនួន ៥០នាក់ ដែលក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មុងសុវត្ថិភាព ១ និង បង្គន់ចល័ត ១

ដោយ ទិត ស្រ៊