អង្គការពីរមកពីប្រទេសបារាំងបាននាំគ្រូពេទ្យស័គ្រចិត្តមកពិនិត្យព្យាបាលវះកាត់ កុមារពិការភាពរយៈពេល១៣ថ្ងៃ ដោយឥតគិតថ្លៃនៅមន្ទីរខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — អង្គការចំនួនពីរ គឺអង្គការឡេស្សង់ហ្វង់ឌុយណូម៉ា (LeS Enfant DuNoma) និងអង្គការ អាងស័ងអ៊ីនវី (Un Soin Une Vie) មកពីប្រទេសបារាំងបាននាំគ្រូពេទ្យស័គ្រចិត្ត សហការជា មួយមន្ទីរពេទ្យខេត្តពោធិ៍សាត់ ចុះពិនិត្យព្យាបាលវះកាត់កុមារពិការភាព មុខមាត់ អវយវៈ និងរោគស្រ្តី ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាល ខេត្តពោធិ៍សាត់។

លោក អ៊ឹង គឹមលាង ក៏បានថ្លែងអំណរគុណដល់អង្គការដៃគូទាំងពីរដែលបាន ចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជាពេលវេលាដ៏មានតម្លៃសម្រាប់មកជួយដល់កូនខ្មែរទូទាំង ប្រទេសក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តពោធិ៍សាត់ជាដើមផងដែរ។

លោកក៏បានធ្វើការសំណូមពរដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់មេត្តាសូម បើកបេះដូងឱ្យទូលាយក្នុងការប្រើប្រាស់ពាក្យសំដីក៏ដូចជាការព្យាបាល ក្នុងក្រមសីលធម៌ ខ្ពស់ និងសូមបើកចិត្តពិនិត្យអ្នកជំងឺដោយផ្ដល់ភាពកក់ក្តៅបំផុត ហើយសូមឱ្យក្រុមគ្រូពេទ្យ ទាំងអស់បំពេញការងារដោយការយកចិត្តទុកដាក់ព្យាបាលទៅលើអ្នកជំងឺដោយក្តីពេញចិត្ត ផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់មក លើប្រជាពលរដ្ឋរបស់ខ្លួន និងបានផ្ដែផ្ដាំដល់មន្ត្រីក្រោមឱវាទទាំងអស់សូមជួយផ្សព្វផ្សាយ ក៏ដូចជាការពារនិងណែនាំឱ្យប្រជាពលរដ្ឋយើងដែលមានកូន ចៅពិការភាពឱ្យរុះរាន់យកមក ពិនិត្យព្យាបាលទាន់ពេលវេលា។

ជាមួយគ្នានោះដែរ លោកក៏បានអរគុណ និងសូមអំពាវនាវបន្ថែមស្នើសុំឱ្យដៃគូទាំងពីរ មេត្តានៅបន្តការចុះជួយដល់កុមារក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះដោយសារជំងឺ ផ្សេងៗបន្តថែមទៀតផងចុះ៕

ដោយ ណៅ ធឿន