មន្ត្រីជាន់ខ្ពស់ក្រសួងទេសរណ៍ អញ្ជើញទៅពិនិត្យ មើលតំបន់ភ្នំដងរែក ក្នុងស្រុកអន្លង់វែង ដើម្បីរៀបចំកីឡាទេសចរណ៍ថ្មីមួយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំប្រតិភូ និងមន្ត្រីខេត្ដចុះទៅពិនិត្យសិក្សាតំបន់ ព្រំដែន អន្តរជាតិជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។

 ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្រោយពីមានការណែនាំ និងអនុសាសន៍​អង្អុលបង្ហាញពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ឲ្យបានច្រើន នាឆ្នាំ២០១៩​ខាងមុខនេះ ទើបឯកឧត្តមបានដឹកនាំអ្នកជំនាញមកពិនិត្យមើលស្ថានភាពនៅតំបន់អន្លង់វែង ដែលជាតំបន់សង្រ្គាមចុងក្រោយរបស់ខ្មែរក្រហម ដោយបានដួលរលំ ក្រោមពីនយោបាយ ឈ្នះ ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលចាប់តាំងពីពេល នោះមកកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍជាបន្តបន្ទាប់។

ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍គឺជាផលិតផលទេសចរណ៍មួយ ដែល​ភ្ជាប់ទៅនឹងផលិតផលទេសចរណ៍ផ្សេងៗទៀត ជាពិសេសគឺតំបន់ទេសចរណ៍ និងគោល ដៅទេសចរណ៍ធំៗ ដែលមានភាពទាក់ទាញ។ ដូច្នេះហើយទើបក្រសួងទេសចរណ៍ និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានចុះមកពិនិត្យ មើលនៅតំបន់អន្លង់វែងនេះ ដែលជាទីតាំង ប្រវត្តិសាស្ត្រមួយមានសារៈសំខាន់ក្នុងការអប់រំផ្សព្វផ្សាយ ដោយភ្ញៀវជាតិ និងអន្តរជាតិចង់ ដឹង​ ចង់ឃើញ។ “យើងបានឯកភាពគ្នាជាមួយសហគមន៍ មន្ទីរទេសចរណ៍នៅទីនេះ ដែល យើងអាចរៀបចំទិវាកីឡាទេសចរណ៍បានដោយនឹងអាចរៀបចំសកម្មភាពកីឡា និងអប់រំផ្សព្វ ផ្សាយ ពីសារៈសំខាន់នៅតំបន់នេះ។

យើងនឹងរៀបចំការរត់ប្រណាំង ឬការដើរដោយដំបង ឡើងភ្នំ។”នេះគឺជាការបញ្ជាក់បន្ថែម។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងដូច្នេះថា “យើងនឹង ធ្វើការជាមួយអាជ្ញាធរស្រុក-ខេត្តបន្ថែមទៀត ដើម្បីសហប្រតិបត្តិគ្នាធ្វើកិច្ចការ នៃការចាប់ផ្តើម មួយប្រកបដោយអត្ថន័យខ្លឹមសារល្អ ដែលចង់ទៅលើការរៀបចំព្រឹត្តិការណ៍កីឡា និងការអប់រំ ផ្សព្វផ្សាយអំពីទីតាំងចុងក្រោយនៃប្រវត្តិសាស្ត្ររបបខ្មែរក្រហម នៅទីនេះ។ គម្រោងនេះ គឺយើងចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជាមួយគណៈប្រជាជនកម្ពុជា ក្នុងការ រៀបចំទិវាកីឡាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជម្នះ៧មករា។ ក្រៅពីកីឡា យើងនឹងរៀបចំកម្មវិធីសម្តែងនានាពាក់ពាន់នឹង របបខ្មែរក្រហមនេះផងដែរ។”


សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រអន្លង់វែង ខេត្តឧត្តរមានជ័យនឹងក្លាយជាតំបន់កីឡា​ទេស ចរណ៍ប្រចាំឆ្នាំថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទិវាកីឡា នៅតំបន់នេះនឹងត្រូវបានរៀបចំ មុនខួបអនុស្សាវរីយ៍ ៧មករា ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ ហេង ណាលីន