ឯកឧត្តម កែន សត្ថា អញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់មហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — ព្រឹត្តិការណ៍កីឡារត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ អង្គរ លើកទី២៣ ឆ្នាំ២០១៨ នៅតំបន់អង្គរខេត្តសៀមរាប ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុន បានបញ្ចប់ដោយជោគជ័យ កាល ពីព្រឹកថ្ងៃអាទិត្យ ទី០២ខែធ្នូ ឆ្នាំ២០១៨ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ បន្ទាប់ពី មាន កំណើនអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ ដោយស្រូបបានចំនួន១០. ៥០០នាក់។


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាមានប្រសាសន៍ថា នេះគឺជោគជ័យថ្មីនេះទៀត ដែលទិវានេះត្រូវបានរៀបចំ អស់រយៈពេល២៣ឆ្នាំមកហើយ ដោយពីមួយឆ្នាំទៅមួយឆ្នាំមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមរត់កាន់តែកើនឡើងជាលំដាប់ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ការកើន ឡើងនូវចំនួនអ្នករត់នេះដោយសារកម្ពុជាមានសុខសន្ដិ ភាពពេញបរិបូរណ៍ ជាពិសេសគឺ ភ្ញៀវអន្តរជាតិ ដែលមានភាពជឿជាក់បំផុតថា កម្ពុជាមានសន្តិភាពដែលភ្ញៀវ អន្តរជាតិ មករត់ប្រណាំងទាំងគ្រួសារៗ នៅក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តមបន្ថែមថា “ពួកគាត់ខ្លះគាត់បាននាំយកទាំងកូន ខ្លះទាំងគ្រួសារ ហើយ សុទ្ធតែ បានអរគុណចំពោះការរៀបចំនេះ ពិសេសគឺភ្ញៀវមកពីអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង ជាដើម។ ការរៀបចំរបស់យើងបានកាន់តែល្អ ដូច្នេះពួកគាត់បានសន្យានឹងមកដល់ចូលរួម បន្ដបន្ទាប់ទៀត ក៏ដូចជាផ្សព្វផ្សាយដល់មិត្តភ័ក្រ្ដ និងបងប្អូនឱ្យមកលេងនៅកម្ពុជាផងដែរ។ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរឆ្នាំនេះ គឺមានជនជាតិខ្មែរ និង បរទេសសរុប១០.៥០០នាក់ មកពី៧៨ប្រទេស ហើយបានកើនឡើង១៥ភាគរយ បើធៀបនឹង ឆ្នាំ២០១៧ ក្នុងនោះមានភ្ញៀវបរទេស ៥.២០០នាក់កើនឡើង២០ភាគរយ ដោយជនជាតិ​អង់គ្លេសឈរ លេខ១ សហរដ្ឋអាមេរិក ឈរលេខ២ និងបារាំង ឈរលេខ៣។

ក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភធំនៃទិវាពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ អង្គរ, លោក លោក Robert Elliott អគ្គនាយកប្រតិបត្តិ និង​នាយក​ចាត់​ការទូទៅ​​នៃ​ក្រុមហ៊ុន មេនូ​ឡាយហ្វ៍​ ខេម​បូ​ឌា បានឱ្យដឹងថា ឆ្នាំ​២០១៨​ គឺជា​ឆ្នាំ​ទី​៤​ហើយ​ដែល​ Manulife ​បាន​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​នៅ​អង្គរ​វត្ត​នេះ​។​ លោកបានបន្ដថា នេះ​ជា​ឱ​កាស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​យើង​ក្នុង​ការ​ជួយ​ឱ្យ​អតិថិជន​ បុគ្គលិក​ និង​សហគមន៍​របស់​យើង​មាន​សុខភាព​ល្អ​ ភាព​សកម្ម​ និង​ជីវិត​ដ៏​ប្រសើរ​មួយ​។​ ក្នុងរយៈពេល៤​ឆ្នាំជាប់ គ្នាកន្លង​មក​នេះ​ សមាជិកនៃក្រុមហ៊ុន​ មេនូឡាយហ្វ៍​ នៅ​ទូទាំង​សកល​លោក ​បាន រៃអង្គាស ប្រាក់ ដើម្បី​ជួយដល់​មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា។ ដោយសារតែ ការរួម​ចំណែក​របស់​ពួក​យើង​ទាំង​អស់​គ្នា​បូករួម​ជាមួយនឹងការចូល​រួម​ពីក្រុមហ៊ុនផងនោះ ក្រុមហ៊ុនមេនូឡាយហ្វ៍បានបរិច្ចាគថវិកាមួយចំនួនជូនមន្ទីរពេទ្យ ក៏ដូចជាបានបំពេញរួមគ្នា ក្នុងការប្រមូលថវិកាបរិច្ចាគទៅកាន់កិច្ចការមនុស្សធម៌ និងសង្គមផងដែរ។

លោក Anil Wadhwani អគ្គនាយប្រតិបត្តិនៃក្រុមហ៊ុនមេនយូឡាយហ្វ៍ប្រចាំតំបន់ អាស៊ីលើក ឡើងដែរថា លោកបានចូលរួមរត់១០គីឡូម៉ែត្រដែរ ហើយលោកពិតជាសប្បាយចិដែល ត្តការរត់នេះនឹងធ្វើឱ្យយើងម្នាក់ៗ ទទួលបាននូវសុខភាពល្អ។ លោកសង្ឃឹមថា ទិវានេះ នឹងទទួលបាននូវភាពទាក់ទាញកាន់ល្អប្រសើរ ហើយ លោកសន្យាថានឹងចូលរួមរត់នៅឆ្នាំ ក្រោយៗទៀត៕

ដោយ ហេង ណាលីន