ឯកឧត្តម កែន សត្ថា អញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់មហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត

AKP កែប ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជា គណៈអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត និងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ជ័យលាភីជូនដល់កីឡាបាល់ទាត់ដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។ ដែលពិធីនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨  នៅពហុកីឡ ដ្ឋានខេត្តកែប ដោយមានការចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានា អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់ អាវុធគ្រប់អង្គភាព លោកគ្រូ អ្នកគ្រូ ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្ត ក្រុមកាយរឹទ្ធិ ក្រុមយុវជនស ហភាពសហព័ន្ធកម្ពុជាខេត្ត និងក្មួយៗជាកីឡាករបាល់ទាត់ដែលមកពីគ្រប់ តំបន់ទូទាំងខេត្ត។

 ឯកឧត្តម កែន សត្ថា ក៏បានដាស់តឿនក្រើនរម្លឹកដល់ក្មួយៗជាកីឡាករទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់កីឡាបាល់ទាត់ឱ្យបានផុលផុស ព្រោះថាកីឡា នាំមកនូវសុខភាពល្អ កម្លាំងមាំមួនពិសេសការហាត់ឬលេងកីឡាអាចធ្វើឱ្យយើងបញ្ចៀស ឆ្ងាយពីគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ក៏បានផ្តល់កិតិ្តយស ប្រគល់ជូនរង្វាន់ជ័យលាភីដល់កីឡាករចំណាត់ថ្នាក់លេខ១ ដែលមកពីក្លឹបកែបក្រោន FC នូវ សម្ភារកីឡាមួយចំនួន និងថវិកាផ្ទាល់របស់លោកអភិបាលខេត្តចំនួន ១.៨០០.០០០រៀល រីឯ កីឡាករចំណាត់ថ្នាក់លេខ២ដែលមកពីក្លឹបភូមិថ្មី ទទួលបានសម្ភារកីឡាមួយចំនួន និងថវិកា១.៤៤០.០០០រៀល។ ចំណែកក្រុមកីឡាចំណាត់ថ្នាក់លេខ៣ ដែលមកពីក្លឹបភ្នំព្រួស ទទួលបានសម្ភារកីឡានិងថវិកាចំនួន ១.០៨០.០០០រៀលផងដែរ៕

ដោយ ប្រាក់ លាង