រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ វិទ្យុ និងទូរទស្សន៍នៅតែដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌ មានពិត និងធ្វើការឆ្លើយតបបានទាន់ពេលវេលា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍នៅតែដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការឆ្លើយតបបានទាន់ពេលវេលា ខណៈ មានការផ្សាយនូវព័ត៌មានមិនពិត ឬព័ត៌មានក្លែងបន្លំ ដែលបង្កផលប៉ះពាល់ដល់សង្គម។

 ក្នុងពិធីសម្ពោធអគារថ្មីរបស់ស្ថានីយវិទ្យុអេហ្វអឹមជាតិ៩៦ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការកកើតឡើងនូវបណ្ដាញទំនាក់ទំនងបណ្ដាញសង្គម ការងារវិទ្យុ ទូរទស្សន៍ និងកាសែតបោះពុម្ពគឺសុទ្ធតែប្រឈមមុខនឹងសភាពការណ៍ថ្មីៗ ខណៈ​ពេលដែល​មនុស្សជាច្រើនត្រូវការ​មើលព័ត៌មាន ដែលអាចមើលតាមហ្វេសប៊ុក ឬតាមយូធូប បានគ្រប់​ផ្នែកទាំងអស់នោះ។ ប៉ុន្ដែបរិបទនៅកម្ពុជានាពេលនេះ មិនមែនជាបញ្ហាដូច នៅ បណ្ដាប្រទេសអឺរ៉ុបនោះទេ គឺបញ្ហាធំបំផុតគឺធ្វើយ៉ាងណាឆ្លើយតបឱ្យបានទាន់ពេលវេលានូវ សំណូមពរ និងការចង់ដឹងអំពីព័ត៌មានពិត។ ឯកឧត្ដមបានបញ្ជាក់ថា វិទ្យុ ទូរទស្សន៍នៅតែដើរ​តួនាទីយ៉ាងសំខាន់ និងអាចដំណើរការបាន ប្រសិនបើបន្ដខិតខំប្រឹងប្រែង ផ្ដោតទៅលើ ដំណឹង​បច្ចុប្បន្នភាពដែលកើតឡើងភ្លាមៗ បន្ទាប់មកគឺការផលិតកម្មវិធីសិល្បៈដែលកំពុង​តែមានតម្រូវការសម្រាប់មនុស្សគ្រប់រូប។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ការងាររបស់វិទ្យុ គឺផ្ដោត​សំខាន់ក្នុងការឆ្លើយតប និងធ្វើការពន្យល់រាល់ព័ត៌មានដែលបាន​ផ្សព្វផ្សាយមិនពិត ឬព័ត៌មាន​ដែលក្លែងបន្លំ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពិត និងឆ្លើយតបបានទាន់ពេល​វេលា​នូវរាល់សភាពការណ៍ដែលកើតឡើងនៅក្នុងសង្គម។
ឯកឧត្តមបានបន្ដទៀតថា បច្ចុប្បន្ននេះ វិទ្យុជាតិបានដើរតួនាទីសំខាន់ណាស់ ក្នុងការ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស មិនថា នៅកន្លែងណា ឬទីណាក៏អាចស្ដាប់ បាន ការផ្សាយរបស់វិទ្យុអាចស្ដាប់បានគ្រប់ពេលវេលា ហើយបើមានព័ត៌មាន ត្រូវចេះជួយ គ្នាទៅវិញទៅមក ប្រទាក់ប្រឡាគ្នាក្នុងការផ្សព្វផ្សាយឆ្លើយតប និងពន្យល់ឱ្យបានលឿន ប្រាប់ ទៅសាធារណជន ដូចជាវិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ និងទស្សនាវដ្ដី ដែលជាប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋ។ ជាមួយគ្នានេះ ក្រុមប្រឆាំងចាប់ផ្ដើមវាយប្រហារមកលើរាជរដ្ឋាភិបាលជាបណ្ដើរៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ បង្កើតពាក្យអាចាមរ៉ាម ការមូលបង្កាច់បន្លំសភាព​ការណ៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ តួនាទីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាពិសេសវិទ្យុ​ត្រូវធ្វើការពន្យល់ និងផ្សព្វផ្សាយដោយឈរលើភស្ដុតាង តួលេខត្រឹមត្រូវ និងស្រង់សំដីពីអ្នក ជំនាញពាក់ព័ន្ធនឹងវិស័យនីមួយៗ ដើម្បីឱ្យប្រជាជនកាន់តែយល់ច្បាស់ពីសភាពការណ៍ដែល បានកើតឡើង។ ឯកឧត្តមបានណែនាំដល់គ្រប់វិទ្យុទាំងអស់ នៅរាជធានី ខេត្ដ ត្រូវធ្វើការងារ​ឱ្យមានភាពប្រទាក់ក្រឡាគ្នា និងបណ្ដាញព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានលឿន ឆាប់​រហ័ស ប៉ុន្ដែត្រូវមានប្រភពច្បាស់លាស់ ដើម្បីធានា និងការផ្ដល់នូវទំនុកចិត្ដ​សម្រាប់ប្រព័ន្ធ ផ្សព្វ​ផ្សាយរបស់រដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្ដីបានអះអាងថា គោលដៅដែលក្រសួងព័ត៌មានបង្កើតវិទ្យុអេហ្វអឹមជាតិ​៩៦នេះគឺផ្ដោតទៅលើគោលដៅចំនួនពីរទាក់ទងនឹងវិស័យទេសចរណ៍ និងយុវជន ជាពិសេស​ ការផ្សព្វផ្សាយអំពីច្បាប់ផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីជូនដំណឹងដល់ជនបរទេស ដែល​កំពុងតែធ្វើការវិនិយោគ និងមានបំណងចង់មកវិនិយោគនៅកម្ពុជា។

ឯកឧត្តម តូច សារ៉េត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកវិទ្យុអេហ្វអឹមជាតិ៩៦ បានឱ្យដឹងថា វិទ្យុអេហ្វអឹម៩៦នេះបានផលិតកម្មវិធីផ្សាយផ្ដោតសំខាន់ទៅលើយុវជន និង វិស័យទេសចរណ៍ ការអប់រំលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់ នៃការ ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង បញ្ហាចរាចរណ៍ និងសុវត្ថិភាពក្នុងសង្គម ការអប់រំ សិល្បៈវប្បធម៌ សុខាភិបាល កសិកម្ម ព្រមទាំងផ្សាយជាភាសាអង់គ្លេស ចិន វៀតណាម និងភាសាចាម៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា