អភិបាលខេត្តកំពត ទទួលអំណោយកុំព្យូទ័រពីសប្បុរសជនកូរ៉េ

AKP កំពត ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលនូវអំណោយពី សប្បុរសធម៌ជាកុំព្យូទ័រលើតុចំនួន១៥គ្រឿពីលោកលី ហ្វីស៊ុក ជាសប្បុរសជនជនជាតិកូរ៉េ និងជាប្រធានមជ្ឈមណ្ឌលប្រតិបត្តិការឥណ្ឌូចិន-កូរ៉េ និងទទួលបន្ទុកបណ្ដុះបណ្ដាលបាល់ទាត់ U18 នៅកម្ពុជា នៅសាលាខេត្តកំពត កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងរដ្ឋាភិបាលនិងប្រជាជនកូរ៉េតែងតែមានទំនាក់ទំនងនិងធ្វើសហប្រតិបត្តិការជាមួយគ្នាបានល្អប្រសើរលើវិស័យជាច្រើននិយាយរួម និងនិយាយដោយឡែកសម្រាប់នៅខេត្តកំពត រដ្ឋាភិបាល និងប្រជាជនកូរ៉េ តែងតែបានជួយជាច្រើនលើវិស័យមួយចំនួន ដល់ការបម្រើឱ្យ ផលប្រយោធន៍ប្រជាជននិងអាជ្ញាធរខេត្តកំពត។

ឯកឧត្តម ជាវ តាយ ក៏បានបន្តរម្លឹកដែរថា ក្នុងចំណោមអំណោយសប្បរសធម៌កូរ៉េ ទាំងនោះនៅខេត្តកំពតក្នុងនោះ ក៏បានផ្ដល់នូវអំណោយបណ្ណាល័យមួយកន្លែងដែលស្ថិតនៅ រមណីយដ្ឋានស្រះឈូក នៅជិតសាលាខេត្តកំពតក្នុងសង្កាត់កំពង់កណ្ដាលក្រុងកំពត ហើយនៅចំពោះមុខនេះ  ឯកឧត្តមអភិបាលខេត្តនឹងបន្តរកទិញសៀវភៅអាន ឬឯកសារ ផ្សេងៗដាក់ក្នុង បណ្ណាល័យនេះឱ្យបានកាន់តែច្រើនថែមទៀត សម្រាប់ឱ្យប្រជាពលរដ្ឋក៏ដូច សិស្ស និស្សិត និងសាធារណជនបានចូលអានសិក្សាស្រាវជ្រាវ បានកាន់តែសម្បូរណ៍ បែបថែមទៀត។

ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ កោតសរសើរដល់រដ្ឋាភិបាល និងប្រជាជន កូរ៉េដែលតែងតែជួយដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពិសេសជាក់ស្ដែង លោក លី ហ្វីស៊ុក និងសហការីដែលបានផ្ដល់ជូននូវអំណោយកុំព្យូទ័រនាពេលនេះ គឺដើម្បីជួយសម្រួល ដល់តម្រូវការប្រើប្រាស់របស់រដ្ឋបាលខេត្តកំពតផងដែរ។

ក្នុងឱកាសនោះលោក លី ហ្វីស៊ុក ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តកំពត រយៈពេល កន្លងមកចំពោះក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងគម្រោងនានារបស់កូរ៉េ ក្នុងការជួយដល់ប្រជាជនក៏ដូចជួយដល់ខេត្តកំពតទាំងមូល និងសន្យាធ្វើឱ្យការទំនាក់ទំនង និងសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ៕

ដោយ ប្រាក់ លាង