ឯកឧត្តម ផៃ ប៊ុនឈឿន ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។  ឯកឧត្តមបានមានប្រសាសន៍ថា មន្រ្តីរាជការត្រូវខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចជាពិសេសការរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នករាជការ ដើម្បីរួមចំណែកជា មួយការធ្វើទំនើបកម្មស្ថាប័នរដ្ឋរបស់ក្របខ័ណ្ឌក្រសួងបរិស្ថាន។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា មន្ទីរបរិស្ថានខេត្ត ជាសេនាធិការឱ្យរដ្ឋបាល ខេត្តមណ្ឌលគិរីទៅលើការងារគ្រប់គ្រងវិស័យបរិស្ថាន ដូច្នេះត្រូវរាយការណ៍ជាប្រចាំថ្ងៃ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំឱ្យបានទៀតទាត់ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កត្តាសំខាន់របស់អ្នករាជការ គឺសេចក្ដីរាយការណ៍អំពី លទ្ធផលការងារ។ ឯកឧត្តមបានក្រើនរម្លឹកដល់មន្រ្តីរាជការទាំងអស់ ឱ្យខិតខំបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះបច្ចេកវិទ្យាទំនើប ដែលសម្បូរទៅដោយប្រភពឯកសារដ៏ទំនើប និងទាន់សម័យ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក៏បានលើក ឡើងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃមិទ្ទីងរម្លឹកខួបអនុស្សាវរីយ៍ទី៤០ នៃថ្ងៃ បង្កើត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងស្មារតីដើរដោយថ្មើរជើង ចំនួន៤០គីឡូម៉ែត្រ ដើម្បីរម្លឹកអំពីខួបជាប្រវត្តិសាស្រ្ត៤០ឆ្នាំ។ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់កិច្ចសហការចូលរួមពីកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ស្ថាប័នតុលាការ អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ដែលបានរួម ចំណែកការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ៕

ដោយ ចាន់បុត្រ