លោក ជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង

AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ –កាលពីថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន .២០០នាក់ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។លោកជំទាវ ហ៊ុន ម៉ាណា មានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើង តែងតែមានការសណ្តោសប្រណី និងចាត់មន្ត្រីឱ្យចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋាន យកចិត្តទុកដាក់លើសុខុមាលភាពស្ត្រីជាទូទៅ ជាពិសេសលើស្ត្រីក្រីក្រលំបាក មានជំងឺធ្ងន់ធ្ងរ និងខ្វះលទ្ធភាពក្នុងការទទួលសេវាព្យាបាលជាដើម។

លោកជំទាវ ហ៊ុន ម៉ាណា បានបន្តទៀតថា ក្រុមវេជ្ជសាស្ត្រសម្តេចតេជោបានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋ ទាំងអស់ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះចំនួន .២០០នាក់ក្នុងនោះ ចែកជូនវ៉ែនតា សម្រាប់លោកយាយ លោកតា ចំនួន ៥៩៧នាក់,ខោអាវលោកយាយ លោកតា ចំនួន ៤០០នាក់ ព្រមទាំងចែកជូនរទេះរុញសម្រាប់អតីតយុទ្ធជនពិការចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកជំទាវបានបន្តថា ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែលប្រជាពលរដ្ឋទាំងអស់បានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពជឿជាក់ចំពោះការព្យាបាលផ្នែកវិទ្យាសាស្ត្រ ព្រោះកន្លងមកមានអ្នកជំងឺមួយចំនួនជឿលើការបន់ស្រន់ ជាទំនៀមទម្លាប់ តែទោះជាយ៉ាងណាក៏ដោយផ្នែកវិជ្ជសាស្ត្រអាចជួយសង្គ្រោះយើងបានទាន់ពេលវេលា។ 

លោកជំទាវបានកត់សម្គាល់ទៀតថា សុខភាពមាតាទារក និងកុមារនេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការខិតខំបន្តដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សដែលសម្ដែងនូវឆន្ទៈខ្ពស់ក្នុងការបន្តរួមចំណែកការងារលើកកម្ពស់សុខភាពស្ត្រីកុមារ និងទារកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក នៅពេលកំពុងសម្រាលកូន និងក្រោយពេលសម្រាលកូននោះ។ពាក់ព័ន្ធជាមួយបញ្ហានេះលោកជំទាវ បានអំពាវនាវឱ្យផ្តោតការរកចិត្តទុកដាក់កាន់តែទូលំទូលាយថែមទៀតលើការអប់រំសុខភាព និងអនាម័យដោយមានប្រសាសន៍ថា គ្រប់តួអង្គពាក់ព័ន្ធក្នុងការផ្តល់សេវាសុខភាពត្រូវបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពព្រមទាំងសេវាបម្រើសុខភាពមាតា និងទារក សុខភាពបន្តពូជ និងការអនុវត្តផែនការគ្រួសារដោយស្ម័គ្រចិត្តតាមរយៈការលើកទឹកចិត្តជំរុញ និងគាំទ្រចំពោះស្ត្រីមានផ្ទៃពោះគ្រប់រូបឱ្យទៅសម្រាលកូននៅមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពជំរុញស្ត្រីមានផ្ទៃពោះ ឱ្យទទួលការពិនិត្យសុខភាពទន្ទឹមនេះត្រូវបន្តពង្រឹង និងយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅថែមទៀតដល់ការបណ្តុះបណ្តាលជំនាញពេទ្យឆ្មប និងលើកកម្ពស់សីលធម៌ល្អក្នុងការសង្គ្រោះ និងសម្ដែងនូវឆន្ទៈខ្ពស់ក្នុងការបន្តរួមចំណែកការងារលើកកម្ពស់សុខភាពបន្ទាន់ផ្នែកសម្ភពនិងការថែទាំទារកផងដែរ

ដោយ បៃ ស៊ីថុន