អាជ្ញាធរជាតិអប្សរា ប្រារព្ធខួបគម្រប់១០ឆ្នាំ របស់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងធ្វើ ពិធីពុទ្ធាអភិសេកព្រះពុទ្ធអង្គរធំ

AKP សៀមរាប ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ — អាជ្ញាធរជាតិអប្សរាបានប្រារព្ធខួបគម្រប់១០ឆ្នាំរបស់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និង ធ្វើពិធីពុទ្ធាអភិសេកព្រះពុទ្ធអង្គរធំ ដើម្បីអបអរសាទរដែលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសបរទេស ចូលទស្សនាដោយសេរីក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

ពិធីនេះបានប្រព្រឹត្ដធ្វើ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី Sulata Mitra Sarkar ជនជាតិឥណ្ឌា ដែលជាអ្នកជួយឧបត្ថម្ភក្នុងការសាងសង់ព្រះពុទ្ធអង្គរធំ។


លោក ប៉ែន ចំរ៉ុង ប្រធានគ្រប់គ្រងស្តីទីរបស់សារៈមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា សារៈមន្ទីរនេះ បានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមចំណែកផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ អ្នកស្រាវជ្រាវ ជាពិសេសយុវជនអំពីតម្លៃដ៏អស្ចារ្យនៃវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត និងសាសនារបស់ខ្មែរ ហើយក៏ជាកន្លែងតម្កល់ ថែរក្សា ជួសជុល នូវរូបចម្កាក់និងវត្ថុបុរាណ ដែលបានស្រាវជ្រាវរកឃើញនៅរមណីយដ្ឋាន ក៏ដូចជានីតាមបុរាណដ្ឋាន នានាយកមកបង្ហាញដល់សាធារណជនទូទៅ។ លោកបានបន្តថា សារៈមន្ទីរព្រះនរោត្តម សីហនុ-អង្គរនេះ គឺជាថ្នាក់រៀនមួយ ដែលបានបង្ហាញពីភាពរុងរឿងនាសម័យបុរាណឱ្យសារធារណៈជនបានដឹងជាពិសេសយុវជន ព្រោះថា នៅពេលពួកគេបានដឹងពីភាពរុងរឿងនាសម័យមុននេះ ជាកត្តាមួយជំរុញឱ្យចិត្តរបស់ពួកគាត់កាន់តែមានភាពជឿជាក់ និងខិតខំចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ឱ្យមានភាពរីកចម្រើនខ្លាំងដូចសម័យមុនដែរ។

សូមបញ្ជាក់ថា សារៈមន្ទីរព្រះនរោត្តមសីហនុ-អង្គរនេះ ស្ថិតនៅខាងជើងជាប់សាលាខេត្តសៀមរាប នៅក្នុងសារៈមន្ទីរនេះ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណសាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ។ តាមឯកសារស្រាវជ្រាវបានបង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យយុគសំរឹទ្ធិ និងបានរកឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើ កំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លាឆ្នាំ២០០៤-២០០៥។ ទន្ទឹមនេះ ចំពោះរូបបដិមាជា ច្រើនទៀតត្រូវបានយកមកពីការកំណាយនៅប្រាសាទបន្ទាយក្តី៕

ដោយ ឃុត សៅ