ព្រះមហាក្សត្រអំពាវនាវឱ្យជនរួមជាតិ បន្តគាំទ្រដល់សកម្មភាពនានារបស់ជនមានពិការភាព

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ — ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តគាំទ្រដល់សកម្មភាពនានា ​រប​ស់ជនមានពិការភាព ដើម្បីពង្រឹងភាពជាម្ចាស់ការឱ្យបានរឹងមាំ ក្នុងទិសដៅសម្រេចបាននូវ​ការ​លើកកម្ពស់ និងការពារសិទ្ធិរបស់ជនមានពិការភាព។ នេះបើយោងតាមព្រះរាជសារ រប​ស់​ព្រះករុណា ព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានក្នុងឱកាសប្រារព្ធទិវាជន មានពិការ​ភាពកម្ពុជា លើកទី២០ និង​ទិ​វាជនមានពិការភាពអន្តរជាតិ លើកទី៣៦ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានគូសបញ្ជាក់ថា “ខ្ញុំព្រះ​ករុណា ខ្ញុំមានហឬទ័យរីករាយ សូ​ម​​ចូ​លរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការ​ភាព​អ​ន្តរ​ជា​តិលើកទី៣៦ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិមាន​ពិការ​ភា​ព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាព​ជន​មា​ន​ពិការភាព និងក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ​ក្រ​សួ​ង​-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិន​មែនរដ្ឋាភិបាលនានា ដែលធ្វើសកម្មភាពលើវិស័យ​មានពិ​កា​រ​​ភាព”។ ព្រះអង្គបានគូសបញ្ជាក់ ថា ការរៀបចំទិវាជន​មាន​ពិការភាពនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានគោល​ដៅ​លើ​កទឹ​កចិត្តដល់ជនមានពិការ​ភាពកម្ពុជាគ្រប់ៗរូប ដោយពុំមានការរើសអើង ប្រកាន់ពណ៌សម្បុរ វណ្ណៈ ឬ និន្នាការ​នយោបាយ។ ព្រះអង្គបានបន្ដថា ព្រឹត្តិការណ៍នេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីភាព​ស្មើសិទ្ធិ​រវា​ង​​ជនមានពិការភាព និងពុំមានពិការភាពក្នុងការលៈទេសៈ ដែលព្រះរាជា ណាចក្រកម្ពុជា​យើ​ង​​កំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកើន​ឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យការជួបជុំរបស់បងប្អូនជនមានពិការភាពមានលក្ខណៈសប្បាយ​រីករាយ។ ក្នុងព្រះរាជសារ​រប​​ស់​​ព្រះអង្គ ក៏បានបន្តទៀតថា “ខ្ញុំមានហឬទ័យសប្បាយរីករាយ ដោយបានឃើញនូវការវិវត្តន៍ថ្មីៗ តាម​រយៈ​សកម្មភាពជាច្រើននៅក្នុងស្ថាប័នរដ្ឋ និងឯកជន ដូចជាការផ្ដល់របបគោលនយោបាយ ស​ម្ភារ បរិក្ខារ មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីស្ដារ​លទ្ធភាពពលកម្មកាយសម្បទា និង​បញ្ញា​សម្ប​ទា សំដៅឱ្យជនពិការភាពទទួលសេវា​សង្គម​គ្រប់ផ្នែក និងអាចចូលរួមសកម្មភាព​សង្គម​គ្រប់​វិស័យ រួមទាំងវិស័យនយោបាយផងដែរ ទៅតាមសមត្ថភាព ស្របតាមការអភិវឌ្ឍ​នៃប្រ​ទេស​ជាតិនាពេលបច្ចុប្បន្ន”។ លើសពីនេះទៀត ព្រះអង្គក៏បានកោតសរសើរចំពោះជោគជ័យរបស់​កីឡា​ក​រ​ កីឡាការិនី និងអត្តពលិកជន​មានពិការភាព គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និងគណៈ​ក​ម្មា​​ធិការជាតិ​ស្ប៉េស្យាល់​អូឡាំពិកកម្ពុជា ដែលទទួលបានមេដាយពីការប្រកួតប្រជែង​លក្ខណៈ​អន្ត​រជាតិ។

ព្រះអង្គក៏បានបន្ថែមថា “ក្មួយៗជនមានពិការភាព ក៏មានសមត្ថភាព អាចប្រកួត​ប្រ​ជែ​ង​ដណ្ដើម​យកពានរង្វាន់កម្រិតអាស៊ី ប៉ាស៊ីហ្វិកផ្នែកព័ត៌មានវិទ្យាទៀតផង។ សមិទ្ធផលធំៗទាំង នេះ បានសបញ្ជាក់ឱ្យឃើញអំពីសមត្ថភាព និងទេពកោសល្យរបស់បងប្អូន​ជនមានពិការភាព​កម្ពុ​ជារបស់យើង ដែលមានជំនាញគួរឱ្យកោតសរសើរ។” ជាមួយគ្នានេះដែរ ព្រះអង្គក៏បាន​លើកទឹកចិត្ត​ប​ន្ថែ​ម​ទៀតដល់បងប្អូនជនមានពិការភាពរបស់យើង ឱ្យខិតខំប្រឹងប្រែងបន្ត សកម្មភាពដ៏ប្រពៃ​ថ្លៃ​ថ្លា​នេះ​បន្តទៀត។ នៅក្នុងព្រះរាជសារ ព្រះអង្គក៏ថ្លែងនូវការកោតសរសើរ ចំពោះ​រាជរដ្ឋា​ភិ​បា​ល​កម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​ម​​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុម​ប្រឹក្សា​សកម្មភាពជនមាន​ពិការ​ភា​ព​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដែល​តែង​តែ​ផ្ដ​ល់នូវក្ដីអាណិតស្រឡាញ់ សន្ដោសប្រណីចំពោះជន​មានពិការ​ភាព ដែលជួបទុក្ខលំបាកនា​ពេ​លកន្លងមក។ ព្រះអង្គក៏បានអរគុណចំពោះសហគមន៍ជាតិ និងអន្តរជាតិ ដែលមានទឹកចិត្ត​ស​ប្បុរស ដោយបានផ្ដល់ការគាំទ្រទាំងផ្នែកស្មារតី សម្ភារ និង​ថវិការដ៏ច្រើន ដើម្បីជួយឱ្យវិ​ស័​យ​​ពិការ​ភាពក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគ ជ័យ។ ជាមួយនឹងការយកចិត្តទុកដាក់ និងជំនួយទាំងនេះ គឺពិតជា​បា​ន​ផ្ដ​ល់លទ្ធភាពដល់​ជនមានពិការភាពកម្ពុជា ក្នុងការកសាងសមត្ថភាព និងមានលទ្ធភាពចូ​ល​រួម​​ចំណែកក្នុង​កិច្ចការសង្គម បង្ហាញនូវឆន្ទៈ និងសកម្មភាពរបស់ខ្លួនទាំងនៅក្នុងប្រទេស ថ្នាក់​តំ​បន់ និងលើឆាកអន្តរជាតិ៕

ដោយ ជឹម ណារី