អាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធី ទូងស្គរ ដើម្បីអបអរសាទរល្ខោនខោល ដែលត្រូវបាន​ចុះ​ក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ

AKP កំពង់ចាម ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨​  —  រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំធ្វើពិធីទូងស្គរ ដើម្បី អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិ​សាស្ត្រ​ក្នុងការដាក់ល្ខោនខោលខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌ អរូបី នៃមនុស្ស​ជាតិ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ​ផន​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច​ចំរើន​​ អភិបាលខេត្ត​កំពង់​ចាម​ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត​ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ ព្រះ​សង្ឃ​ លោកគ្រូ ​អ្នកគ្រូ​ សិស្សានុសិស្ស យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីនេះ បានធ្វើ​ឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ ៨រោច​​ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណសួនច្បាមុខសាលាខេត្តកំពង់ចាម។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ​ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការអនុម័តយល់​ព្រម​ចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ  គឺធ្វើឡើងនៅតាមទីកន្លែងសាធារណៈសំខាន់ៗ គ្រឹះស្ថានសិក្សានានា រមណីយដ្ឋាន និងទីវត្ត​អារាម តាមស្រុក ក្រុង ឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅ​ទូទាំងខេត្តកំពង់ចាមទាំងអស់ ដែល​បានចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យោបាយ​និងលទ្ធភាព​រៀងៗ​ខ្លួនដែលមានផងដែ។

ឯកឧត្តមបានបន្ដថា​ ល្ខោនខោល ដែលជាស្នាដៃសិល្បៈ​បុរាណ​ដ៏វិសេសវិសាលអស្ចារ្យ​​របស់​​កម្ពុជាដែលត្រូវបានអង្គការយូណេស្កូសម្រេចដាក់​ចូលក្នុង​បញ្ជី​បេតិកភណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ នៅទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។​ ឯកឧត្តមអភិបាលខេត្ដបាន​បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្តក៏ដូចជាប្រជាពលនៅទូទាំងខេត្តគឺមានការរំភើបរីករាយដោយវប្បធម៌ របស់ជាតិត្រូវបានទទួលស្គាលទូទាំងពិភពលោក។ ឯកឧត្តមបានបន្ថែមទៀតថា នេះគឺជា សមិទ្ធផលមួយទៀតក្នុងចំណោមទ្រព្យសម្បត្តិអរូបីជាច្រើនរបស់កម្ពុជាដែលត្រូវបានដាក់ចូលជាសម្បត្តិវប្បធម៌អរូបី និងដាក់ជាបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានបន្ដទៀតថា លទ្ធផលទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជ​រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ឆាយ ម៉ុត