ឯកឧត្ដម ឃួង ស្រេង ស្នើសុំឱ្យគណៈប្រតិភូទីក្រុងឆុងឈីង ជួយសាងសង់ផ្លូវក្រវាត់ក្រុងមួយខ្សែនៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យគណៈប្រតិភូទីក្រុង ឆុងឈីង ជួយសាងសង់ផ្លូវក្រវាត់ក្រុងមួយខ្សែនៅរាជធានីភ្នំពេញ ខណៈដែលកំណើន ប្រជាពលរដ្ឋពី១ឆ្នាំទៅ១ឆ្នាំចេះតែកើនឡើងឥតឈប់ឈរ។ ការស្នើសុំរបស់ឯកឧត្ដម ឃួង ស្រេង បែបនេះនៅក្នុងជំនួបពិភាគ្សាការងារជាមួយគណៈប្រតិភូក្រុងឆុងឈីង ប្រទេសចិន ដែលដឹកនាំដោយលោក ចូវ គីឈីង (Zhou Keqin) អនុប្រធានគណៈកម្មាធិការ ប្រឹក្សានយោបាយបក្ស ប្រជាជនចិន ទីក្រុងឆុងឈីង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្ដិក ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលា រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញមាន អំណោយផល លើកវិស័យពាណិជ្ជកម្មគ្រប់យ៉ាង ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ផ្នែកសំណង់ អប់រំ កសិកម្មជាដើម ហើយរាជធានីភ្នំពេញ ត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគពីទីក្រុងឆុងឈីង។

ឯកឧត្ដមបន្ដថា ដំណើរទស្សនកិច្ចរបស់លោក ចូវ គីឈីង និងគណៈប្រតិភូ ដែលបាន មកទស្សនកិច្ចនៅរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីការរឹត ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកាន់តែល្អ ប្រសើរក្នុងនាម រាជធានីភ្នំពេញ និងទីក្រុង ឆុងឈីងជាទីក្រុងសម្ព័ន្ធភាពនឹងគ្នាដែលបានចុះអនុស្សរណៈ ជាមួយគ្នាតាំងពីឆ្នាំ២០០៤មក និងស្របពេលនៃឆ្នាំខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា-ចិនផងដែរ។
លោក ចូវ គីឈីង (Zhou Keqin) ក៏បានបង្ហាញពីភាពរីកចម្រើនរបស់ទីក្រុងឆុងឈីង នាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាកន្ទុយនាគ ឯទីក្រុងសៀងហៃ ជាក្បាលនាគ ដោយកំណត់យកទន្លេយ៉ាងសេធ្វើជាគោល។ ឆុងឈីង ជាទីក្រុងឧស្សាហកម្ម ដ៏សំខាន់មួយរបស់ចិន ដែលអាចផលិតរថយន្តបាន ប្រមាណ៣០លាន គ្រឿង ផលិតកុំព្យូទ័របានប្រមាណ៦០លានគ្រឿងក្នុង១ឆ្នាំៗ និងជាទីក្រុងដែលស្ថិតនៅ ចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអាស៊ីផងដែរ។
នាឱកាសនោះដែរ លោក ចូវ គីឈីង ក៏បានអញ្ជើញ ឯកឧត្ដម ឃួង ស្រេង ទៅធ្វើទស្សនកិច្ច នៅទីក្រុងឆុងឈីង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍទី ក្រុងកាន់តែឆាប់កាន់តែល្អ។ ឯកឧត្ដម ឃួងស្រេង បានទទួលយកសំណើនេះ ហើយនឹងរៀបចំជាគណៈប្រតិភូទៅទស្សនកិច្ចអាចក្នុងខែ មករា ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ សួស សំរិត