អភិបាលខេត្តបន្ទាយមានជ័យអំពាវនាវឱ្យចូលរួមទាំងអស់គ្នាទូងស្គអបអរសាទរល្ខោនខោលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែវិច្ឆិកា ​ឆ្នាំ២០១៨ –អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់គ្រប់​ស្រុក ក្រុង ឃុំសង្កាត់ មន្ទីរ អង្គ ភាព គ្រប់ស្ថាប័នទាំងអស់​ ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយ ផ្សេងនៅម៉ោង​១០​យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​ចំពោះការដាក់ «ល្ខោនខោល» ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌ អរូបី នៃមនុស្សជាតិ។

ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា «ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការអនុម័តយល់ព្រមចុះល្ខោនខោលក្នុង បញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំគ្រប់ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរអង្គភាពគ្រប់ស្ថាប័នពិសេសសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅ​ខេត្តបន្ទាយមានជ័យទាំងអស់ សូមចូលរួមអបអរសាទរតាមរយៈការ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង​១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ គ្រឹះស្ថាន សិក្សា នានារមណីយដ្ឋាន និងទីវត្តអារាមផងដែរ»

សូមបញ្ជាក់ថា«ល្ខោនខោល»ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យ​​របស់​​កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភព អរូបីនៃ មនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ នៅទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨​។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និង ប្រទេសកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា សមិទ្ធផលនេះគឺជាលទ្ធផល នៃកិច្ចប្រឹង ប្រែងដ៏យូរអង្វែងនិងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុសផុលពីសិល្ប អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជន កម្ពុជាទាំងមូល។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា ការដាក់បញ្ចូល«ល្ខោនខោល» ទៅក្នុង បញ្ជីអរូបី នៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណា ចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀតនៅលើវេទិកាបេតិកភណ្ឌពិភពលោក

ដោយ ឈុនសារ៉ាត