រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់វិទ្យាស្ថាន GGGI បន្តកិច្ចសហការជាមួយក្រសួង រៀបចំទីក្រុងនិរន្តរភាពគំរូមួយនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអនុញ្ញាតឱ្យលោកស្រី Jenny Hyeon Kim អគ្គនាយករងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI ជួបពិភាក្សាការងារ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងជំនួបនេះលោកស្រី Jenny Hyeon Kim បានលើកឡើងពីកិច្ចសហការល្អក្នុងការអនុវត្តការងារកន្លងមក លើការរៀបចំគោលនយោបាយទាក់ទងនឹងការរៀបចំទីក្រុងនិរន្តរភាព និងការបញ្ជ្រាប ទស្សនទានអភិ  វឌ្ឍន៍បៃតង ទៅក្នុងការរៀបចំគោលនយោបាយ។ លោកស្រីបានមានប្រសាសន៍បន្ថែមថា តាមរយៈការធ្វើឱ្យមានភាពបៃតងកាន់តែប្រសើរឡើងក្នុងវិស័យឧស្សាកម្មនាពេលអនាគត សម្រាប់កម្ពុជាមានឱកាសល្អសម្រាប់ការបង្កើតការងារបៃតងចំនួនប្រមាណ ៥០ម៉ឺនកន្លែងបន្ថែម សម្រាប់វិស័យមួយចំនួនដូចជា វាយនភណ្ឌ ចំណីអាហារសម្ភារសំណង់ និងគ្រឿងអេឡិចត្រូនិក

ប្រភពខាងលើបានបន្តថា ឯកឧត្តមរដ្ឋមន្ត្រី​ សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះ ភាពជាដៃគូរវាងក្រសួងបរិស្ថាន ជាមួយវិទ្យាស្ថាន GGGI ក្នុងកិច្ចសហការរួមគ្នាធ្វើឱ្យប្រសើរឡើងនូវការរស់នៅ​ប្រកបដោយចីរភាព ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុង បរិបទកម្ពុជា និងកាតព្វកិច្ចជាសកលក្នុងក្របខណ្ឌការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានលើកទឹកចិត្តដល់វិទ្យាស្ថាន GGGI បន្តកិច្ចសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដោយផ្តោតលើការរៀបចំទីក្រុងនិរន្តរភាពគំរូមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលស្អាត ការរៀបចំរចនាបថទីក្រុង ការគ្រប់គ្រងសំណល់រឹង-រាវ ដែល​មានលក្ខណៈគំរូសម្រាប់ជាការអនុវត្តនៅក្រុងផ្សេងទៀតនៅទូទាំងប្រទេស និងការងារកៀគរធនធានពីប្រភពនានា ដូចជា មូលនិធិអាកាសធាតុបៃតង និងធនាគារពាណិជ្ជជាដើម ដោយមាន​ការចូលរួមពីវិស័យឯកជន ដើម្បីបើកទូលាយដល់ការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព

ដោយ ពេជ្រ ណារិទ្ធ