គណៈប្រតិភូក្រសួងបរិស្ថានកម្ពុជាបំពេញទស្សនកិច្ចសួនរុក្ខសាស្រ្តដ៏ធំមួយនៅកណ្តាល ទីក្រុងមូស្គូ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ –គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨  បានដឹកនាំក្រុមការងារក្រសួងបរិស្ថានកម្ពុជា បំពេញទស្សនកិច្ចនៅក្នុងសួនរុក្ខសាស្រ្តដ៏ធំមួយកន្លែងនៅកណ្តាលទីក្រុងមូស្គូ សហព័ន្ធរុស៊្សី

យោងតាមអត្ថបទព័ត៌មានដែលចេញផ្សាយដោយក្រសួងបរិស្ថានបានបន្តឱ្យដឹងថាសួនរុក្ខសាស្រ្ត (Main botanical gardens Russian Academy of Sciences) គ្រប់គ្រងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី និងជារតនសម្បត្តិជាតិរបស់ប្រទេសនេះ ដោយបានបើកទ្វារតាំងពីឆ្នាំ១៩៤៥ ហើយបានក្លាយជាសួនរុក្ខជាតិកណ្តាលទីក្រុងធំជាងគេបំផុតនាពេលបច្ចុប្បន្ន នៅទ្វីបអឺរ៉ុប។ សួនរុក្ខសាស្រ្តនេះគ្របដណ្តប់លើផ្ទៃដីចំនួនជាង ៣៣០ហិកតា និងជាធនាគារផ្ទុកដោយប្រភេទរុក្ខជាតិដែលបានដាំដុះជាង ២ម៉ឺនប្រភេទ។

ប្រភពដដែលបញ្ជាក់ថា នៅក្នុងសួននេះ បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបង្កើត ជាមន្ទីរពិសោធន៍ស្រាវជ្រាវវិទ្យាសាស្រ្តលើរុក្ខជាតិ ក្រោមអគារផ្ទះកញ្ចក់ដ៏ធំដែលសង់ឡើងស្របតាមអាកាសធាតុ ដែលសមស្របដល់រុក្ខជាតិដុះ នៅក្នុងប្រទេសរុស៊្សី និងយកមកពីជុំវិញពិភពលោក ជាពិសេសមានរុក្ខជាតិនៅតំបន់ត្រូពិក។ លើសពីនេះ សួនរុក្ខសាស្រ្តជាកន្លែងដ៏ពេញនិយមមួយសម្រាប់ការដើរកម្សាន្ត និងការស្រូបយកនូវខ្យល់អាកាសបរិសុទ្ធរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។

ក្នុងដំណើទស្សនកិច្ចនោះឯកឧត្តម សុខ គាង បានវាយតម្លៃខ្ពស់ចំពោះការបង្កើតជាសួនឧទ្យានរុក្ខជាតិកណ្តាលទីក្រុងមូស្គូរបស់ប្រទេសរុស៊្សី ដែលថែរក្សាពូជរុក្ខជាតិគ្រប់ប្រភេទនៅជុំវិញពិភពលោក។ តាមរយៈទស្សនកិច្ចនេះ ឯកឧត្តម សុខ គាង បានលើកទឹកចិត្តឱ្យសមាជិកគណៈប្រតិភូនៃក្រសួងបរិស្ថានកម្ពុជា ដែលរួមមានថ្នាក់ដឹកនាំ និងប្រធានមន្ទីរបរិស្ថាន រាជធានី ខេត្តមួយចំនួន ពិនិត្យលើគម្រោងសិក្សាបង្កើតសួនរុក្ខសាស្រ្ត នៅតាមមូលដ្ឋានទីប្រជុំជនរបស់ខ្លួន ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការរស់នៅដោយចីរភាព។ លើសពីនេះ ឯកឧត្តម ក៏បានលើកឡើងពីអនាគតនៃកិច្ចសហប្រតិបត្តិការរវាងភគីទាំងពីរ កម្ពុជា-រុស៊្សី ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការស្រាវជ្រាវរបស់គ្រឹះស្ថានឧត្តមសិក្សា នៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស៊្សី គណៈប្រតិភូនៃក្រសួងបរិស្ថានកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ចាប់បីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងមូស្គូសហព័ន្ធរុស៊្សីក្រៅពីកិច្ចប្រជុំ គណៈប្រតិភូបានសិក្សា ផ្លាស់ប្តូរបទពិសោធន៍ នៅតាមរោងចក្រកែច្នៃសំរាមសម្រាប់ធ្វើជីកំប៉ុស្តិ៍ រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ ចេញពីទីក្រុងមូស្គូ សួនរុក្ខជាតិកណ្តាលទីក្រុង និងកន្លែងធម្មជាតិ និងការគ្រប់គ្រងបរិស្ថានផ្សេងទៀត

ដោយ ពេជ្រ ណារិទ្ធ