មន្រ្តី​ជាន់ខ្ពស់ក្រសួងសង្គមកិច្ចបង្ហាញថា អត្រាចូលបម្រើការងាររបស់ជនពិការនៅក្នុងស្ថាប័នរដ្ឋមានការកើនឡើងនៅក្នុងឆ្នាំ២០១៨នេះ

AKP សៀមរាប ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –មន្រ្តី​ជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា អត្រាចូលបម្រើការងាររបស់ជនពិការនៅក្នុងស្ថាប័នរដ្ឋមាការកើនឡើង ប៉ុន្តែនៅតាមរោងចក្រមួយចំនួនការជ្រើសរើសជនពិការ​ឱ្យចូលបម្រើការងារ ហាក់ដូចនៅមានការរើសអើងនៅឡើយ មន្រ្តីរូបនេះបាន​អំពាវនាវឱ្យគ្រឹះស្ថានឯកជនជ្រើសរើសជនពិការ​ដែលមានសមត្ថភាពឱ្យចូលបម្រើការងារឱ្យបានតាមច្បាប់កំណត់

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្ប ទា បានថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិលើការអនុវត្តអនុក្រឹត្យលេខ១០៨ ស្តីពីការកំណត់អត្រា និងបែបបទជ្រើសរើសជនពិការឱ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន នៅខេត្តសៀមរាប​កាលពីរសៀលថ្ងៃអង្គារ ៥រោច ខែកត្ដិក ឆ្នាំច​​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកា ឆ្នំាំ២០១៨ថា ដើម្បី​ដោះស្រាយបញ្ហា​ជូនជនពិការប្រកប​ដោយប្រសិទ្ធភាព និងជំរុញឱ្យ​សង្គម​មួយ​ដែលគ្មាន​ឧបសគ្គសម្រាប់ជន​​ពិការ ហើយជនពិការ​អាចរស់នៅដោយ​ស្មើភាពគ្មានការ​​រើស​អើង ដូចជាប្រជាពលរដ្ឋទូទៅដែរនោះ

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តន៍នូវច្បាប់ស្តីពី ការកំណត់អត្រាជនពិការឱ្យចូលបម្រើការងារ និងលើកទឹកចិត្តទាំងវិស័យរដ្ឋ និងឯកជនឱ្យជ្រើសរើសជនពិការចូលបម្រើការងារក្នុងស្ថាប័នមួយឱ្យបាន២ភាគរយ នៃបុគ្គិកសរុប ជាលទ្ធផលឃើញថា ចំនួនជនពិការចូលបម្រើការងារនៅក្នុង​ក្រសួង ស្ថាប័នរដ្ឋចំនួន៤០ មានជនពិការចំនួន.៨៣៩នាក់ ស្មើ,៩៣ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ

ដោយឡែក វិស័យឯកជនមានដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ តាមស្ថិតិក្រសួងដែលបានពិនិត្យ​សាកល្បងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ៧៧អង្គភាព គឺមានជនពិការ​ចូលបម្រើការងារ ចំនួន .០៥៥នាក់

ឯកឧត្តមបានបញ្ជាក់ថា អត្រាចូលបម្រើការងាររបស់ជនពិការនៅក្នុងស្ថាប័នរដ្ឋ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅតាមោងចក្រមួយចំនួន ការជ្រើសរើសជនពិការឱ្យចូលបម្រើការងារ ហាក់ដូចនៅមានការរើសអើងនៅឡើយ ឯកឧត្តមបាន​អំពាវនាវឱ្យគ្រឹះ ស្ថានឯកជនជ្រើសរើសជនពិការដែលមានសមត្ថភាព ឱ្យចូលបម្រើការងារឱ្យបានតាមច្បាប់កំណត់។ ទន្ទឹមនេះ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាង​បន្ត​ជំរុញ និងអនុវត្តន៍អនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទ​ជ្រើសរើសជនពិការឱ្យចូលបម្រើការងារទាំងក្នុង​ក្រសួង ស្ថាប័នរបស់រដ្ឋ និងក្នុងវិស័យឯកជនដែលមានកាតព្វកិច្ច​ជ្រើសរើស​ជនពិការតាមរយៈរដ្ឋបាលសិទ្ធិជនពិការ ជាយន្តការអធិការកិច្ច

ឯកឧត្តម សែម សុខា បានបន្តថា ដើម្បី​ដោះស្រាយបញ្ហា​ជូនជនពិការប្រកប​ដោយប្រសិទ្ធភាព កន្លងមករាជរដ្ឋាភិបាលបានឱ្យគ្រប់ក្រសួងស្ថាប័ន ទាំងរដ្ឋ និងវិស័យឯកជន រៀបចំបង្កលក្ខណៈ​ងាយ​ស្រួលចេញចូល​នៅ​ទីកន្លែង​សាធារណៈ សម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំចំណត​យានយន្ត ពិសេស​សម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់​ឧបករណ៍ធ្នាក់ដៃ​នៅតាម​បន្ទប់ទឹក ​ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ​ស្ថាប័ន មន្ទីរផ្លូវថ្នល់ ទីកន្លែងលម្ហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌល​សុខភាព និងមធ្យោបាយ​ដឹកជញ្ជូន ព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និង​ការលើក​តម្កើង​ជីវភាពរស់នៅរបស់បងប្អូនជនពិការឱ្យបានសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ​ព្រមទាំងបានបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សប្បុរសជន ផ្នែក​ឯកជន និងអង្គការសង្គមស៊ីវិលនានា ឱ្យចូលរួមឧបត្ថម្ភ​ជនពិការផងដែរ។ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ជំរុញកំណើនសិក្សារបស់ជនពិការ ដោយបានបង្កើត វិទ្យាស្ថានអប់រំពិសេសដើម្បីបង្រៀន និងបណ្តុះបណ្តាលដល់គរុសិស្ស និស្សិតពិការ លើជំនាញអប់រំសិស្សមានពិការភាពផងដែរ

ដោយ ឃុត សៅ