ខេត្តព្រះសីហនុបើកកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោង ផលប៉ះពាល់នៃការស្ថាបនាផ្លូវល្បឿនលឿន រាជធានីភ្នំពេញ មកខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — នៅសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការសម្របសម្រួលសម្រាប់ការរៀបចំ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីគម្រោងផល ប៉ះពាល់នៃការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម ញាណ ឡេង អនុរដ្ឋលេខាក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផៃ ប៊ុនវណ្ណ: អភិបាលរងខេត្តព្រះសីហនុ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។

តាមរបាយការណ៍ និងការធ្វើបទបង្ហាញបានឱ្យដឹងថា ផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ មាន៤គន្លង ក្នុងនោះ ២គន្លងទៅ និង២គន្លងមក ដោយក្នុងមួយគន្លងមានទទឹង ៣.៧៥ម៉ែត្រ មានសួនច្បារនៅ ចំកណ្តាល។ ផ្លូវនេះសិក្សាដោយក្រុមហ៊ុន China Road and Bridge CorporatIon (CRBC)  ជាប្រភេទកម្រាល AC ដោយបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ផ្លូវល្បឿនលឿនមានផ្លូវបំបែកប្តូរទិសចំនួន ៧កន្លែង  ស្ពានវែង និងមធ្យមសរុប ៥៦កន្លែង (ប្រវែង ៤៤១៧ម៉ែត្រ) ស្ពានខ្លី ៣៣ ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១ កន្លែង មានកន្លែងឈប់សម្រាក០៣កន្លែង។ ផ្លូវល្បឿនលឿននេះ ចំណុចចាប់ផ្ដើមចេញពីផ្លូវក្រវាត់ ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចចុងបញ្ចប់ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទម្រង់នៃការវិនិយោគផ្លូវល្បឿនលឿន សាងសង់ប្រតិបត្តិ-ផ្ទេរ (BOT) ត្រូវបានចុះហត្ថ លេខាកិច្ចព្រមព្រៀងសម្បទានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ រវាងឯកឧត្តម លាវ ឈឺថាវ និងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងបន្ត កិច្ចប្រជុំអន្តរក្រសួង ដើម្បីសម្រេច និងចាប់ផ្តើមសាងសង់នៅពេលខាងមុខ៕

ដោយ ងូ សុមុនី