ឯកឧត្តម ជាម ហ៊ីម ចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រចំនួនជាង ១ពាន់គ្រួសារ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — នៅរសៀលថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ  ឯកឧត្តម លូ គីមឈន់ ប្រធានគណៈកម្មការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក-សមាជិកាគណៈកម្មាធិការ សាខាក្រុមប្រតិបត្តិសាខា អនុសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ  និងជនពិការចំនួន១.១៤៦គ្រួសារ មកពីសង្កាត់ចំនួន៦ ក្នុងក្រុងខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម ជាម ហ៊ីម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយក្តីនឹករលឹកប្រកបដោយមនោ សញ្ចេតនាអាណិត ស្រឡាញ់ មេត្តា ករុណាដ៏ជ្រាលជ្រៅ ជាមួយគ្រួសារក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រាទាំងអស់។

ឯកឧត្តម ក៏បានផ្តាំផ្ញើចំពោះប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថាន បំបាត់ទឹកដក់សំរាម ស្អុយរលួយ បំបាត់ជម្រកសត្វមូស ចៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅមណ្ឌលសុខភាព ពិនិត្យផ្ទៃពោះឱ្យបាន ទៀងទាត់អនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ។ ត្រូវគិតពីសុវត្ថិភាពចរាចរណ៍ចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេល ធ្វើដំណើរចៀសឆ្ងាយពីគ្រឿងញៀន  ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនាំមកនូវអំពើហិង្សាក្នុងគ្រួសារ និងចោរកម្មជាដើម។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន ១.១៤៦គ្រួសារ មកពីសង្កាត់ ចំនួន៦  ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០.០០០រៀល៕

ដោយ ងូ សុមុនី