ឯកឧត្តម ប៊ិន ឈិន អញ្ជើញចូលរួមក្នុងពិធិបើកការដ្ឋានស្ថាបនា ផ្លូវចាក់បេតុងមួយខ្សែនៅខេត្តតាកែវ

AKP តាកែវ ថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៨ — កាលពីថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិទ្យាល័យដូងខ្ពស់ ស្ថិតក្នុងឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខែ្ស ប្រវែង ១៧ ៨០០ម៉ែត្រ ក្រោមអធិប តីភាពឯកឧត្តមនិតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុង ពិធីនោះ ឯកឧត្តមកោសលបណ្ឌិត ប៊ិន ឈិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋមិនដែលភ្លេចឡើយ។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចទាំងពីរក៏បាន ផ្តល់ផ្លូវចាក់បេតុងមួយខ្សែទុកជាចំណងដៃដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវផងដែរ។

ឯកឧត្តមនិតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ផ្លូវដែលសម្តេចតេជោបានផ្តល់ជូនប្រជាពលរដ្ឋខេត្តតាកែវនៅពេលនេះ ពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកទ្រាំង និងស្រុកបូរីជលសា ព្រោះ កន្លងមកផ្លូវដែលក្រាលក្រួសក្រហមនេះបាន រងការខូចខាតពិបាកធ្វើដំណើរ។ បើនៅខែប្រាំង វិញ គឺហុយទ្រលោមដែលនាំឱ្យប៉ះពាល់ដល់លំនៅឋាន និងសុខភាពរបស់បងប្អូនប្រជាពល រដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវនេះ។ ម៉្យាងទៀតផ្លូវចាក់បេតុងដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ក្រៅពីជួយសម្រួលការលំបាកក្នុងការធ្វើដំណើរ និងជួយកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលទៅលក់នៅទីផ្សារបាន ទាន់ពេលវេលាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឱ្យ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។ដោយឡែកអត្រាមានការ ងារធ្វើ គឺមានរហូតដល់ជាង៩០ភាគរយ។ បងប្អូនកម្មករ កម្មការិនីដែលកំពុងបម្រើការងារ នៅតាមរោងចក្រ សហគ្រាសក៏កំពុងទទួលបានផល ប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ថែមទៀតផង។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ផ្លូវចាក់បេតុងមួយខ្សែ នេះ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវតភ្ជាប់ពីផ្លូវជាតិលេខ២ត្រង់ ចំណុច ចន្លោះគីឡូម៉ែត្រលេខ៩០ និងលេខ៩១ ដល់ចំណតកំពុងទូក កំពុងអំពិល ដែលស្ថិតក្នុង ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ។ ផ្លូវចាក់បេតុងនេះមានទទឹង៨ម៉ត្រ និងចិញ្ចើមផ្លូវ សងខាង១.៥០ម៉ែត្រចាក់ក្រួសក្រហម។ ផ្លូវចាក់បេតុងនេះជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលការស្ថាបនាដោយក្រុមហ៊ុន ជីបម៉ុងគ្រុបរបស់ អ្នកឧកញ៉ាលាងឃុន ដែលគ្រោងចំណាយថវិកាជាង៦លានដុល្លារ សហរដ្ឋអាមេរិក៕

ដោយ អ៊ុច សៀង