គ.ជ.ប. ចាប់ផ្ដើមបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គជប)បានប្រកាសបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោតលើកដំបូងឆ្នាំ២០១៨ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្របពេលដែលអ្នកត្រូវលុបឈ្មោះចេញពីបញ្ជី មានជាង ៥ម៉ឺននាក់ និងកែតម្រូវឈ្មោះមានជាង១.០០០នាក់។


ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងនីតិវិធី នៃ ការដាក់ ការទទួល និងការដោះស្រាយបណ្តឹង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨​នៅទីស្តី ការគ.ជ.ប ឯកឧត្តម មាន សទិ សមាជិកគ.ជ.បបានលើកឡើងថា បញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបាន បិទផ្សាយនៅ តាមសាលាឃុំ សង្កាត់ និងនៅតាមទីសាធារណៈមួយក្នុងឃុំ សង្កាត់ ព្រមៗ គ្នាទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។

ឯកឧត្តមបានបន្ដថា នៅពេលបិទផ្សាយបញ្ជី បោះឆ្នោតដំបូងនេះ មាន ខេត្តចំនួន៥មានភ្លៀងធ្លាក់ខ្លាំង រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នោះទេ។

ឯកឧត្តមបានបន្ថែមថា ការបិទផ្សាយបញ្ជីឈ្មោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ មានរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការបិទផ្សាយបញ្ជីទាំងពីរនេះគឺបើកផ្លូវឱ្យប្រជាពលរដ្ឋ មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរនៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល​យ៉ាងយូរ៥ថ្ងៃ ចាប់ពីថ្ងៃ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីថ្ងៃបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង។ ក្នុងករណីអ្នកប្តឹងតវ៉ា ឬអ្នកប្តឹងជំទាស់មិនពេញចិត្ត នឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាចប្តឹងទៅគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញតាមច្បាប់កំណត់។


ជាមួយគ្នានេះ បើតាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះបោះឆ្នោតបង្ហាញថា អ្នកមកចុះឈ្មោះថ្មីមានចំនួន១៩៥.៣៨៥នាក់ អ្នកដែលបាន លុបចេញពីបញ្ជីឈ្មោះបោះឆ្នោតមានចំនួន៥៦.៩៤១នាក់ និងអ្នកដែល បានកែតម្រូវទិន្នន័យ មានចំនួន១.៥៥៣នាក់ ។

ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូម អញ្ជើញទៅពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ ទិន្នន័យរបស់ ខ្លួននៅលើបញ្ជីបោះឆ្នោតដំបូង និង បញ្ជី​ឈ្មោះអ្នកដែលត្រូវនឹងលុបចេញពីបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

ដោយ ប៊ុនរិទ្ធ