លោកជំទាវ អ៊ឹង កន្ថាផាវី ជួបប្រជុំជាមួយមន្ត្រីជំនាញដោះស្រាយករណីប្រើប្រាស់អំពើហិង្សានិងការរំលោភបំពានលើស្ត្រីនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានជួបប្រជុំជាមួយមន្ត្រីជំនាញដោះស្រាយករណីប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានគ្រប់រូបភាពលើស្រ្តីនៅខេត្តក្រចេះ កាលពីរសៀលថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នា២០១៨ ។ 

 តាមការបញ្ជាក់ពីមន្ទីរកិច្ចកានារីខេត្តក្រចេះបានឱ្យដឹងថា ការជួបប្រជុំជាមួយមន្រ្តីជំនាញនាពេលនោះគឺ ក្នុងគោលបំណងដើម្បីប្រមូលព័ត៌មាន និងលទ្ធផលនៃការអនុវត្តច្បាប់ជាតិ គោលនយោបាយ អនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនិងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ( CEDAW ) ដើម្បីរៀបចំរបាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីនិងរបាយការណ៍ជាតិតាមការកំណត់ ដើម្បីបញ្ជូនទៅអង្គភាពសហប្រជាជាតិ និងដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធ និងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្រ្តី ។
      

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានជួបប្រជុំជាមួយស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះដាច់ដោយឡែកពីគ្នាផងដែរ កាលពីរសៀលថ្ងៃចន្ទនេះដើម្បីត្រួតពិនិត្យនិងស្តាប់របាយការណ៍អំពីករណីបទល្មើស និងការដោះស្រាយ ការប្រើប្រាស់អំពើហិង្សានិងការរំលោភបំពានលើស្រី្តនៅខេត្តក្រចេះផងដែរ

លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ស្ត្រីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញ និងលើកកម្ពស់សមត្ថភាពស្ត្រី ក្នុងការចូលរួមទាំងវិស័យរដ្ឋ និងឯកជន។ លោកជំទាវបានបញ្ជាក់ថា ការការពារសិទ្ធ និងផលប្រយោជន៍របស់ពលករ ពលការិនី ទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ត្រូវបានបន្តយកចិត្តទុកដាក់ផងដែរ ។  ដោយឡែកសម្រាប់ស្ត្រីកម្ពុជាដែលបានចូលបម្រើការងារ ជាមន្ត្រីរាជការស៊ីវិល បានកើនឡើងនៃចំនួនមន្ត្រីរាជការដែលត្រូវបានចូលបម្រើការងារ និងត្រូវបានតែងតាំងក្នុងតំណែង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

លោកជំទាវបានកោតសរសើរដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំដោះ ស្រាយនិងទប់ស្កាត់ នូវរាល់ករណីរំលោភបំពាន និងប្រើអំពើហិង្សាពីគ្រប់រូបភាពមកលើស្រ្តី ក្នុងសហគមន៍របស់ខ្លួន និងសូមបន្តការចូលរួមពង្រឹងដោះស្រាយ និងទប់ស្កាត់ ឈានទៅលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ( CEDAW ) ដែលជាគោលនយោបាយជាតិ ៕ 

ដោយជួន សុជាតិ