សហព័ន្ធកីឡាវ៉ូវីណាមបង្កើនការហ្វឹកហាត់ដល់អត្តពលិកត្រៀមទៅប្រជែង មេដាយកីឡាសាកលវិទ្យាល័យអាស៊ាន នៅមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបង្កើនការបង្វឹកដល់ អត្តពលិកជម្រើសជាតិរបស់ខ្លួន ដើម្បីតត្រៀមចូលរួមប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យា ល័យអាស៊ាន លើកទី១៩ (19th ASEAN University Games) នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨ ដែលនឹង ចូលមកដល់ នាថ្ងៃ១០ដល់ថ្ងៃទី២០ ខែធ្នូ ខាងមុខ ខណៈកីឡាករ កីឡាការិនីកម្ពុជានឹងត្រូវចាប់ផ្តើមប្រកួតពីថ្ងៃ ទី១៥ដល់ថ្ងៃទី២០ ខែធ្នូ។


លោក អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការប្រមូលផ្តុំហ្វឹកហាត់នេះគឺត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ និងក្នុង១ថ្ងៃពីរពេល គឺពីពេលព្រឹក និងពេលល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាត ចាស់) ដោយមានអត្តពលិកចំនួន២១នាក់ ក្នុងនោះមានកីឡាករចំនួន១៦នាក់។ លោកបន្តថា ព្រឹត្តិការណ៍នេះត្រូវបានគេ កំណត់អាយុចាប់ពីអាយុ១៨ឆ្នាំដល់២៧ឆ្នាំ ដូច្នេះម្ចាស់មេដាយមាសពីព្រឹត្តិការណ៍ពិភពលោកអាស៊ីមួយចំនួន មិនត្រូវអនុញ្ញាតឱ្យចូលរួមឡើយដោយសារលើសអាយុ ដោយជំនួសមកវិញនូវកីឡាករថ្នាលខ្លះៗ។ លោកបានបន្តទៀតថា បន្ទាប់វិល ត្រឡប់មកពីប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅឥណ្ឌូណេស៊ីវិញភ្លាមៗនោះ យើងបានចាប់ផ្តើមប្រមូល ផ្តុំហ្វឹកហាត់រយៈពេល២ខែ ដើម្បីបង្កើនបច្ចេកទេសដល់កីឡាករ កីឡាការិនី ដែលចេញប្រកួតកីឡាសាកលវិទ្យា ល័យអាស៊ាន នាខែធ្នូខាងមុខ។ វិញ្ញាសាទំាង១៧នោះ រួមមាន៧វិញ្ញាសាគឺមាន៣ប្រភេទទម្ងន់នារី និង៤ប្រភេទ ទម្ងន់បុរស និង១០វិញ្ញាសាសម្តែង មេគុន ក្បាច់ការពារខ្លួន។


អនុប្រធានរូបនេះបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩នេះ បើទោះបីជាយើងបញ្ជូនកីឡាករ និងកីឡាការិនីចាស់-ថ្មីយ៉ាងណាក្តីក៏លោកនៅតែរំពឹងខ្ពស់ក្នុងការប្រជែងមេ ដាយមាសមួយចំនួនពីការប្រកួតអន្តរជាតិមួយនេះយកមកជូនជាតិផងដែរ។ ការប្រកួតនេះម្ចាស់ផ្ទះបានរៀបចំ លើប្រភេទកីឡាវ៉ូវីណាមនេះមានចំនួន១៧វិញ្ញាសា ហើយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក៏បានត្រៀមកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន១៧វិញ្ញាសាដែរ។
បើយោងតាមកម្មវិធីផ្លូវការរបស់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និង កីឡាបានបញ្ជាក់កន្លងទៅថ្មីៗនេះថា ការប្រកួតកីឡាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ (19th ASEAN University Games) នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨នេះ គឺកម្ពុជាគ្រោងនឹងបញ្ជូនអត្តពលិក និងគ្រូបង្វឹកលើ៦ ប្រភេទកីឡា ដូចជាប្រភេទកីឡាប៉េតង់ ១៥នាក់, អត្តពលកម្ម ៤នាក់, ហែលទឹក ៤នាក់, វាយកូនឃ្លីលើតុ ១០ នាក់, ការ៉ាតេដូ ១០នាក់ និងវ៉ូវីណាម ២១នាក់ ដែលដឹកនាំឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានិងប្រតិភូអមរបស់ក្រសួងអប់រំចំនួន៥រូបផ្សេងទៀត ព្រមទាំងមន្ត្រីរដ្ឋបាល និងមន្ត្រីពេទ្យ ៧នាក់៕

ដោយ ហេង ណាលីន