មន្ត្រីកាំកុងត្រូល បន្តចុះត្រួតពិនិត្យទំនិញដាក់តាំងលក់តាមស្ដង់ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូកក្នុងរយៈពេលបីថ្ងៃនេះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ — មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ នៃក្រសួងពាណិជ្ជកម្ម​ បានចុះត្រួតពិនិត្យទំនិញនៅសួន ច្បារមុខវត្តបទុមវត្តី​ សួនច្បារវិមានឯករាជ្យ កោះពេជ្រ និងតាមដងផ្លូវ​ ចាប់ពីមុខព្រះបរម រាជវាំង​ ដល់ផ្សាររាត្រី​ ដើម្បីត្រួតពិនិត្យអំពីអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់ រយៈពេលប្រើប្រាស់ និងសារធាតុគីមី ហាមឃាត់ ដែលប្រើប្រាស់លើ ផលិតផលម្ហូបអាហារ។ ការចុះត្រួតពិនិត្យនេះ គឺធ្វើឡើងនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍​ ១៥កើត​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​។ នេះបើយោងតាមការ ផ្សាយ របស់អគ្គនាយកដ្ឋានកាំកុងត្រូល។

មន្រ្ដីជំនាញកាំកុងត្រូលបានគូសបញ្ជាក់ថា គោលបំណង នៃការចុះពិនិត្យទំនិញ នៅថ្ងៃបុណ្យអុំទូកនេះ គឺដើម្បីធានាសុវត្ថិភាព សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ ពិសេស​កីឡាករប្រណាំងទូក​ ដែលអញ្ជើញមកលេងកម្សាន្តនៅតំបន់ប្រារព្ធពិធីបុណ្យចៀសវាង​ការ​ទទួលទានអាហារ នំចំណី និងភេសជ្ជ:ផ្សេងៗ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើ ប្រាស់ មានលួចដាក់សារធាតុគីមីហាមឃាត់។ ល ។ ទន្ទឹមនេះ ក្នុងការត្រួតពិនិត្យ​ មន្ត្រីជំនាញ កាំកុងត្រូល បានធ្វើតេស្តបឋម ទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនូវសារធាតុគីមីហាមឃាត់ ដូចជា គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ សាច់ក្រក និងត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាម តូបលក់ទំនិញ និងស្តង់លក់ទំនិញ ។

ជាមួយគ្នានេះដែរ លទ្ធផល​ក្រោយការត្រួតពិនិត្យ​ មន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូត​ ងៀតបបែល​ មានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់​ ចំនួន​៣.៩៥គីឡូក្រាម មករក្សាទុក​ ដើម្បីកម្ទេចចោល​ ។

ក្នុងឱកាសនោះដែរ មន្ត្រីកាំកុងត្រូលបានណែនាំឱ្យបងប្អូនអាជីវករ អ្នកលក់ដូរ និង​ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសផលិតផល ម្ហូបអាហារមកដាក់តាំងលក់ និងប្រើប្រាស់ ចៀសវាងការដាក់តាំងលក់ ឬទិញម្ហូបអាហារដែលខូចគុណភាព មានចម្លង​មេរោគ ហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមី ហាមឃាត់យកមកប្រើ​ប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងអ្នកដទៃ និងបានបិទផ្ទាំងរូបភាពផ្សព្វ​ផ្សាយ​​អំពីរបៀបជ្រើសរើសផលិតផល​ ម្ហូបអាហារដែលមានសុវត្ថិភាពមកបរិភោគផងដែរ៕

ដោយ អ៊ុន រិទ្ធី