ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងអភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករនៅស្រុកបវេល

AKP បាត់ដំបង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ទីរ អង្គភាពជំនាញខេត្ត បានចុះពិនិត្យ និងអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋដែលជួបការខ្វះខាតទឹក នៅក្នុង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

បន្ទាប់ពីបានសិក្សារួចមកក្រុមការងារធ្វើការកែសម្រួលស្នាមភ្លោះអមសងខាងផ្លូវលំជនបទ ឱ្យទៅជាប្រឡាយនាំទឹកប្រវែងប្រមាណ ១៥គីឡូម៉ែត្រ ដើម្បីនាំទឹកទៅសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករចំនួន ៥២០ហិកតា នៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយសារខ្វះខាតទឹក ត្រូវបានសង្គ្រោះហើយ

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ដែលបានចាត់បញ្ជូនក្រុមការងារមកជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំឃ្លាំងមាស ដែលបានចូលរួមសហការជាមួយក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ  ៕

ដោយ ណយ នឿន(ប្រភពៈរដ្ឋបាលខេត្ត)