អន្តរក្រសួងពិនិត្យផលប៉ះពាល់បរិស្ថាន លើគម្រោង​បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅទីស្តីការក្រសួង រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស.​ស ២៥៦២ ត្រូវនឹងថ្ងៃទី0 ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម លើគម្រោង​បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គម្រោង​បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូខាងលើ ស្ថិតនៅលើផ្ទៃដីទំហំ ៧,៣៥៧ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំពីធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd   ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ តំណាងក្រសួងពាក់ព័ន្ជាច្រើនរូបចូលរួម។

ប្រភពដដែលបានឱ្យដឹងទៀតថា កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖ ១-គាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍នេះ ។ ២-ឯកភាពមតិយោបល់វិជ្ជមានទាំងអស់ របស់សមាជិកអង្គប្រជុំអន្តរក្រសួង។ ៣-ក្រុមហ៊ុនត្រូវបញ្ចូលក្របខ័ណ្ឌច្បាប់ដែលខ្វះខាតឡើងវិញឱ្យអស់ ។ ៤-ក្រុមហ៊ុនត្រូវធ្វើការវេចខ្ចប់សំរាមដែលបោះចោលឱ្យបានត្រឹមត្រូវ ព្រោះនៅមានការបារម្ភ សូមឱ្យជំនាញក្រសួងបរិស្ថានតាមដាននូវការវេចខ្ចប់នេះ ។ ៥-ក្រុមហ៊ុនដែលយកកាកសំណល់ទៅធ្វើជីសូមយកទៅពិនិត្យ​ នៅមន្ទីរពិសោធន៍នៅក្រសួងបរិស្ថានឱ្យបានត្រឹមត្រូវមុននឹង​យកទៅប្រើប្រាស់ ។ ៦-ក្រុមហ៊ុនត្រូវដាំដើមឈើបន្ថែមនៅក្នុងបរិវេណរោងចក្រ ដើម្បីកាត់បន្ថយការសាយភាយក្លិន គុណភាពខ្យល់ និងការរំខានដោយសំឡេង ។ ៧-ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ។៨-ម្ចាស់គម្រោងត្រូវកែសម្រួលរបាយការណ៍តាមដានរាល់មតិយោបល់ទាំងអស់របស់ក្រុមការងារ​ នាយកដ្ឋានជំនាញ តំណាង​អគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន និងតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលផ្តល់មតិយោបល់ក្នុងអង្គប្រជុំ រួមបញ្ចូលទាំងមតិបូកសរុបរបស់ប្រធានអង្គប្រជុំផងដែរ

ដោយ ពេជ្រ ណារិទ្ធ