វិញ្ញាសាថ្មីលើទីលានដីឥដ្ឋនៃវិស័យកីឡាវាយកូនបាល់កម្ពុជាចាប់ផ្តើមចេញដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ប្រភេទវិញ្ញាសាប្រកួតលើទីលានដីឥដ្ឋនៃវិស័យកីឡាវាយកូនបាល់ គឺជាវិញ្ញាសាថ្មីរបស់កម្ពុជា ដែលបានចាប់ផ្តើមចេញដំណើរពីឆ្នាំ២០១៨នេះ ឆ្ពោះទៅកាន់ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។


ការប្រកួតលើទីលានដីឥដ្ឋលើកទី១នេះត្រូវបានប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប ដោយ មានកីឡាករ-កីឡាការិនីវ័យក្មេងចូលរួមចំនួន៦៤នាក់មកពីរាជធានីភ្នំពេញ ខេត្ដកណ្តាល សៀមរាប និងបាត់ដំបង លើ៣ប្រភេទអាយុ គឺកុមារអាយុក្រោម១២ឆ្នាំ ក្រោម១៤ឆ្នាំ និង​យុវជនអាយុក្រោម១៨ឆ្នាំ។

ជាមួយគ្នានេះ ដើម្បីគាំទ្រដល់វិញ្ញាសាថ្មីថ្មោងនេះសម្រាប់កម្ពុជា គឺសហព័ន្ធកីឡាវាយ​កូនបាល់កម្ពុជាទទួលបានដៃគូ ឧបត្ថម្ភដ៏សំខាន់ គឺក្រុមហ៊ុន BSP Finance ក្នុងការរួម ចំណែកអភិវឌ្ឍន៍ធនធានប្រកបដោយគុណភាពឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ប្រធានកម្មវិធីបណ្តុះបណ្តាលយុវជនសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ម៉ម ផល្គុណ បានថ្លែងថា ការចូលរួមជួយជ្រោមជ្រែងឧបត្ថម្ភពីក្រុមហ៊ុន BSP Finance លើកម្មវិធីបណ្តុះ​បណ្តាល និងការរៀបចំការប្រកួតលើប្រភេទវិញ្ញាសាថ្មីទីលានដីឥដ្ឋនេះ គឺជាសកម្មភាព ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផលិតធនធានកីឡាករ-កីឡាការិនីឱ្យមានសមត្ថភាព គ្រប់គ្រាន់ត្រៀមប្រជែងមេដាយជូនជាតិ នាស៊ីហ្គេម ឆ្នាំ២០២៣។ លោកបញ្ជាក់ថា វិញ្ញាសា ថ្មីនេះ គ្រោងនឹងដាក់នៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយចាប់ពី ២០១៨នេះតទៅ សហព័ន្ធ នឹងត្រូវ ពង្រឹងធនធានថ្នាល ដើម្បីផ្តល់បទពិសោធន៍ដល់កីឡាករ កីឡាការិនីវ័យក្មេងឱ្យមានកម្រិត សមត្ថភាពល្អប្រសើរ ស្របពេលដែលបណ្តាប្រទេសនានា ក្នុងតំបន់មានប្រភេទវិញ្ញាសានេះ យូរឆ្នាំមកហើយ។នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាក្រុមហ៊ុន BSP Finance លោក Etienne Kettenmeyer បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវជំហរដ៏រឹងមាំថា BSP Finance ចូលរួមជួយឧបត្ថម្ភគាំទ្រ ដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅក្នុងកម្មវិធីបណ្តុះបណ្តាល និងការប្រកួតនានា ក្នុង ការចូលរួមក្នុងការផលិតធនធានកីឡាករ កីឡាការិនីវ័យក្មេងប្រកបដោយគុណភាពក្នុងគោល ដៅចម្បងរបស់ខ្លួន ឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិនានា។

លោកបានបន្ថែមថា នេះពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលក្រុមហ៊ុនរបស់ លោក បានចូលរួមឧបត្ថម្ភគាំទ្រ នៅក្នុងការប្រកួតនេះ ដោយសារតែលោកមើលឃើញថា ការ​ជួយជ្រោមជ្រែងឧបត្ថម្ភពីក្រុមហ៊ុនរបស់លោក នឹងក្លាយជាចំណែកយ៉ាងសំខាន់ ក្នុងការ ផលិតនូវធនធានអត្តពលិកថ្នាលឱ្យបានច្រើន សម្រាប់ត្រៀមប្រកួតប្រជែង ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕

ដោយ ហេង ណាលីន