អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្នុងមួយថ្ងៃៗសំណល់រឹងសំរាមប្រមាណ២.៧០០ តោន ត្រូវបានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបាន បញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៨នេះថា សំណល់រឹងសំរាមក្នុងមួយថ្ងៃៗ មានប្រមាណ ២.៧០០តោន ត្រូវបានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ ដោយសារតែការ​ទុកដាក់សំរាមមិន បានត្រឹមត្រូវ។


ឯកឧត្តមបានបញ្ជាក់ថា កំណើនសំរាមនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទី ប្រជុំជន នានា គឺជាក្តីកង្វល់របស់យើងទាំងអស់គ្នាដែលចាំបាច់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវចូលរួមគ្រប់គ្រងសំណល់ដែលខ្លួនបង្កើតឡើងឱ្យបានល្អត្រឹមត្រូវដើម្បី ចៀសវាងការបំផ្លាញបរិស្ថាន បំផ្លាញសោភណភាពនៅក្នុងសហគមន៍។

ឯកឧត្តមបានពន្យល់ថា កំណើនសំរាមនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា ក្នុងប្រទេសកម្ពុជានៅពេលនេះ ដោយសារតែកំណើនប្រជាពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញ ហើយការកែច្នៃពី សំរាមនៅមានកម្រិតទាបនៅឡើយ។ កត្តាទាំងនេះ បានធ្វើឱ្យសំរាមសំណល់រឹងមានបរិមាណ កើនឡើង។ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់កំណើនបរិមាណសំរាម សំណល់រឹង គឺជាបញ្ហាចម្បងមួយនៅក្នុងបណ្តាបញ្ហាប្រឈមនានា លើការងារគ្រប់គ្រងបរិស្ថាន នៅរាជ ធានីភ្នំពេញ និងនៅតាមទីប្រជុំជន ដែលទាមទារឱ្យមានការចូលរួមសហការ ដោះស្រាយ រួមគ្នា ដើម្បីទប់ស្កាត់ កាត់បន្ថយការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ តាមរយៈការយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ដើម្បីលើកកម្ពស់សោភណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន សាធារណៈ ក៏ដូចជាចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទឹក ដី ខ្យល់ ដែលបណ្តាលមកពី ការគ្រប់គ្រងសំរាម សំណល់រឹង មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គ្រប់ភាគីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនបង្កើតឡើង។ ឯកឧត្តមបាន លើកឡើងថា ប្រសិនបើប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម អាជីវករនៅតាមផ្សារនានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និងកន្លែងកម្សាន្តនានា ត្រូវធ្វើការញែកសំរាម ទៅតាមបទដ្ឋាន បច្ចេកទេស ពោលគឺការញែកសំរាមឱ្យដាច់ពីគ្នា រវាងសំណល់សរីរាង្គដូចជា សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ និងធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ ប្រសិនបើប្រជាពល រដ្ឋចូលរួមអនុវត្តន៍វិធីសាស្ត្រញែកសំរាមទាំងនេះបានគ្រប់ៗគ្នា នោះអត្រាសំរាមដែលត្រូវយក ទៅចាក់ចោលមានចំនួនតិចបំផុត ហើយសំណល់ផ្សេងទៀតអាចត្រូវបានប្រើប្រាស់ និងកែច្នៃ ឡើងវិញ ផ្តល់ផលប្រយោជន៍ និងចំណូល ដល់បងប្អូនប្រជាពលរដ្ឋវិញ។


ឯកឧត្តមបានណែនាំដល់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន នីមួយៗ ត្រូវ រៀបចំកន្លែងទុកដាក់សំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ និងត្រូវធ្វើការញែកសំរាម សំណល់ រឹងដែលអាចប្រើប្រាស់ឡើងវិញបាន ឬដែលអាចកែច្នៃបានចេញពីសំរាម ដែលសំណល់រឹង ត្រូវបោះចោល។ លើសពីនេះទៀត ហាមដាច់ខាតនូវការបោះចោលសំរាម សំណល់រឹងនៅ តាមដងផ្លូវ ទីសាធារណៈ ទីវាលតាមប្រព័ន្ធទឹកលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិ ឯកជន ព្រមទាំងហាមដាច់ខាតនូវការដុតសំរាមសំណល់រឹង ក្នុងករណីគ្មានការអនុញ្ញាត ពីក្រសួងបរិស្ថាន ឬមន្ទីរបរិស្ថានរាជធានី ខេត្ដ។

ឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មអំណាចទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិតាមរយៈការផ្តល់មូលនិធិសេវាអនាម័យបរិស្ថាន ហើយរដ្ឋបាលក្រុង ស្រុកមួយ ចំនួននៅមិនទាន់មានឆន្ទៈខ្ពស់ និងយល់ច្បាស់ពីភារកិច្ច និងការទទួលខុសត្រូវលើការងារ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់រាវ និងបញ្ហាបំពុលបរិ ស្ថានផ្សេងទៀតនៅ​ឡើយ។ ទន្ទឹមនេះ គុណភាពប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនផ្តល់សេវានៅមាន កម្រិត ហើយទីប្រជុំជនភាគច្រើននៅពុំទាន់មានទីលានទុកដាក់សំណល់ត្រឹម​ត្រូវតាមគោល ការណ៍ណែនាំបច្ចេកទេសនៅឡើយ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួម​សម្អាត បរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវពីព្រោះ ការសម្អាតបរិស្ថានជុំវិញខ្លួន យើងជា ភាពចាំបាច់។ ឯកឧត្ដមបានអះអាងទៀតថា ប្រសិនបើផ្ទះរបស់យើងស្អាត ភូមិរបស់យើង ស្អាត ទីធ្លាសាធារណៈគ្មានសំរាម គ្មានថង់ប្លាស្ទិក នោះមានន័យថា យើងបានចូលរួមកសាង តម្លៃដល់ជាតិ លើកស្ទួយកិត្យានុភាព និងកិត្តិយសសម្រាប់ជាតិខ្មែរ និងសុខុមាលភាពរបស់ យើងទាំងអស់គ្នាព្រោះ​បរិស្ថានជា​បញ្ហារបស់យើងទាំងអស់គ្នា៕

ដោយ អ៊ុន រិទ្ធី