ក្រសួងបរិស្ថាន សហការជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បំផុសគំនិតឱ្យយុវជនចូលរួមប្រកួតវីដេអូខ្នាតខ្លីទាក់ទងអំពីបរិស្ថានពានរង្វាន់អប្សរា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងបរិស្ថាន សហការជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា រៀបចំកម្មវិធីប្រកួត វីដេអូខ្នាតខ្លីទាក់ទងអំពីបរិស្ថានពានរង្វាន់អប្សរា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះក្នុង ប្រទេសកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយជូនសាធារណជន ជាពិសេសយុវជន ដែលមានអាជីព ក្នុងការផលិតវីដេអូបែបខ្នាតខ្លីស្រាប់ឱ្យ ចូលរួមប្រកួតប្រជែង ដើម្បីចូលរួមកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិក។


នៅក្នុងសន្និសីទសារព័ត៌មានអំពីកម្មវិធីប្រកួតវីដេអូខ្នាតខ្លី ស្តីពីបរិស្ថានពានរង្វាន់ អប្សរា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាចូលរួមកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក» កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង បរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានឱ្យ ដឹងថា ការប្រឡងប្រណាំងវីដេអូខ្លីរបស់យុវជនស្តីពីបរិស្ថាន ក្រោមប្រធានបទ «មនុស្ស និងធម្មជាតិ» នេះ ទី១- បានផ្តល់ឱកាសសម្រាប់យុវជនកម្ពុជា អាយុចន្លោះពី១៨ឆ្នាំ ទៅ២៣ឆ្នាំ បានបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិត ដើម្បីចូលរួមអប់រំ និងផ្សព្វផ្សាយបរិស្ថាន, ២-យុវជនខ្លួនឯងឈ្វេងយល់ពីកិច្ចការពារ និងអភិរក្សធនធាន ធម្មជាតិ, ៣- បណ្តុះគំនិតយុវជនឱ្យស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថាន។

លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន បរិស្ថាន បានជំរុញ និងគាំទ្រលើកទឹកចិត្ត ក្នុងការបង្កើតឱ្យមានកម្មវិធីប្រឡងវីដេអូខ្លីដែល ផ្តោតសំខាន់លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថាននៅ ប្រទេសកម្ពុជា ដែលជាគោលដៅស្នូលរបស់ក្រសួងបរិស្ថាន ជាពិសេសការកាត់ បន្ថយថង់ប្លាស្ទិក ហើយកម្មវីធីខាងលើនេះអាចទទួលបាននូវសារជាច្រើន តាមរយៈវីដេអូខ្លី របស់យុវជន ដើម្បីអប់រំ និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យ ផ្លាស់ប្តូរទម្លាប់បំផ្លាញបរិស្ថាន ងាកមកស្រឡាញ់ និងការពារភពផែនដី។

លោកជំទាវបន្តថា កម្មវិធីនេះក៏ជាការផ្សព្វផ្សាយបើកជាផ្លូវ ការការប្រកួតប្រជែងកម្ម វិធីវីដេអូខ្នាតខ្លីនៅពេលខាងមុខនេះ។ ដូច្នេះការគ្រប់គ្រងបរិស្ថាន​ប្រកបដោយចីរភាព នឹងក្លាយជាមធ្យោបាយដ៏ចំបាច់មួយក្នុងការការពារ និងដោះស្រាយនូវរាល់ការធ្លាក់ចុះ នៃធនធានធម្មជាតិ និងបញ្ហាបរិស្ថាន។ ការអប់រំ និងការផ្សព្វផ្សាយរបស់យុវជន ទៅលើយុវជនដទៃទៀត និងជាមួយប្រជាពលរដ្ឋពីបញ្ហាប៉ះពាល់អនាម័យ និងបរិស្ថាន ជាពិសេសការទុកដាក់សំរាមបានល្អ នាំឱ្យមនុស្សមានសុខភាពល្អ ភូមិដ្ឋានស្រស់ស្អាត និងទីក្រុងស្អាតប្រកបដោយភាពទាក់ទាញ។

គូសបញ្ជាក់ដែរថា សម្រាប់ជ័យលាភីនៅក្នុងកម្មវិធីនេះ មានការបែងចែកជាបួន ចំណាត់ថ្នាក់ គឺចាប់ពីលេខ១ ដល់លេខ៤ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ លិខិតសរ​សើរ១ ទឹកប្រាក់៥.០០០.០០០រៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានពាន១ លិខិតសរសើរ១ ទឹកប្រាក់៣.០០០.០០០រៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានពាន១ លិខិតសរសើរ១ ទឹកប្រាក់២.០០០.០០០រៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបានពាន១ លិខិតសរសើរ១ ទឹកប្រាក់១.០០០.០០០រៀល៕

ដោយ ប៉ាល់ សុង