Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អន្តរក្រសួងពិនិត្យហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងសម្រាប់គម្រោង ក្រុមហ៊ុន HONG KONG LAND (PREMIUM INVESTMENT) LIMITED.

Published

on

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយដើម្បីពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងបង្កើតអគារពហុមុខងារសម្រាប់ការិយាល័យ សេវាកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុន HONG KONG LAND (PREMIUM INVESTMENT) LIMITED.។

ក្នុងអត្ថបទដែលចេញផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គម្រោងបង្កើតអគារពហុមុខងារសម្រាប់ការិយាល័យសេវាកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុន HONG KONG LAND (PREMIUM INVESTMENT) LIMITED. ស្ថិតនៅលើផ្ទៃដី ១០.៧១៤ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៦ កែងផ្លូវលេខ៦១ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុន ទីប្រឹក្សា Green Environment Group Co., Ltd. ដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ តំណាង ក្រុមហ៊ុន ម្ចាស់គម្រោង និងតំណាង ក្រុមហ៊ុនទី ប្រឹក្សា។

ប្រភពខាងលើបន្តថា គោលបំណងនៃអង្គប្រជុំផ្តោតជាសំខាន់លើ៖ ១– បទបង្ហាញពីលទ្ធផលនៃការសិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូង។ ២– ពិភាក្សាលើវឌ្ឍនភាពនៃគម្រោង។ ៣ – បញ្ហាសំណល់រឹង-រាវ។ ៤–ការប្រើប្រាស់ទឹក និងបញ្ហាសម្អាតសំណល់រាវ។ ៥-បញ្ហាការពារសុវត្ថិភាព និងចរាចរណ៍ និង ៦-ការផ្តល់មតិយោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះ។

ជាលទ្ធផលនៃកិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖ ១- អង្គប្រជុំបានគំាទ្រគម្រោងអភិវឌ្ឍន៍នេះ ។ ២- ស្នើសុំឱ្យក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួលរបាយការណ៍លើខ្លឹមសារ ឱ្យស្របទៅតាមបទដ្ឋានគតិយុត្ត និងជាពិសេសកែសម្រួលទៅតាមមតិយោបល់សំខាន់ៗនៃអង្គប្រជុំដែលបានលើកឡើង ។ ៣- ម្ចាស់គម្រោងត្រូវពិនិត្យពិចារណាឡើងវិញលើបញ្ហាមូលនិធិបរិស្ថាន ដើម្បីកំណត់នូវតម្លៃមួយឱ្យសមស្របទៅនឹងទំហំនៃគម្រោង ។ ៤-ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ការបំពុលដោយសំឡេង ការបំពុលខ្យល់ និងបញ្ហាសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។៥- ម្ចាស់គម្រោងត្រូវជួយសម្រួលបញ្ហាសន្តិសុខឱ្យបានល្អ ព្រោះទីតាំងនេះស្ថិតនៅក្បែរស្ថានទូតសហរដ្ឋអាមេរិក ៕

ដោយ ពេជ្រ ណារិទ្ធ

Click to comment

Leave a Reply

Your email address will not be published.

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន