នាវាទេសចរណ៍យក្ស GENTING DREAM នាំភ្ញៀវទេសចរ និងនាវិក ជិត៥ពាន់នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា

ព្រះសីហនុ៖​​ លោកវរសេនីយ៍ឯក កៅ សារាណា នាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះនាវាទេសចណ៍បរទេសធុនយក្សមួយគ្រឿងមានឈ្មោះ GENTING DREAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៥.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃមុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

លោកនាយប៉ុស្តិ៍ច្រកទ្វារបានឱ្យដឹងទៀតថា នាវា GENTING DREAM មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ៣៣៥,៣៥ម៉ែត្រ ទទឹង ៣៩,៧០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៣.៦៧៤នាក់ ស្រី ២.០៤៩នាក់ មាន ២១សញ្ជាតិ និងមាននាវិកសរុបចំនួន ១.៨៣១នាក់ ស្រី ៥៤៩នាក់ មាន ៣៣សញ្ជាតិ ។

នាវាទេសចរណ៍យក្ស GENTING DREAM បាននាំភ្ញៀវទេសចរចម្រុះជាតិ សាសន៍ចាកចេញពីប្រទេសម៉ាឡេស៊ី ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨ និង៤៥នាទី ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍យក្ស GENTING DREAM មានសញ្ជាតិច្រើនជាងគេមានដូចជា សិង្ហបុរី ១.០៣០នាក់ឥណ្ឌូណេស៊ី៩៣៥នាក់ ម៉ាឡេស៊ី ៦៨៣នាក់និងភ្ញៀវទេសចរសញ្ជាតិផ្សេងៗមួយចំនួនទៀត ។

ការចូលចតរបស់នាវាទេសចរណ៍យក្ស នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកនេះ បន្ទាប់ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែពហុបំណង ដែលមានជម្រៅទឹក ១៣,៥០ម៉ែត្រ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថានៅឆ្នាំ២០១៨នេះ នឹងមាននាវាទេសចរណ៍យធុនធំ ជាច្រើនគ្រឿងទៀតចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងនាំភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍន៍រីកចម្រើនយ៉ាងគំហុកនាពេលបច្ចុប្បន្ន ៕
ដោយ ងូ សុមុនី(AKP)