សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា​ ស្រុកភ្នំក្រវាញ ចំនួ ៨៦៣នាក់ ​ទទួលមេដាយការពារជាតិ​

ពោធិសាត់៖ ​កាលពីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ធនិន​អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា​ (ស.អ.ក) ខេត្ត​ពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ​និងបំពាក់មេដាយការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា​ស្រុកភ្នំក្រវាញ ចំនួន៨៦៣នាក់​ ។

ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ទី នរិន្ទ បានចាត់ទុកបងប្អូនអតីតយុទ្ធជន​ជាវីរជនពិតប្រាកដ ​ដែលបានលះបង់សាច់ស្រស់​ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ប្រសិនបើគ្មានការចូលរួមចំណែកពលិកម្ម ការពារសុខសន្តិភាព​ពីសំណាក់បងប្អូនទាំងអស់គ្នាទេនោះ ​យើងទាំងអស់គ្នា ក៏ពុំអាចមានថ្ងៃនេះដែរ​។ ដូច្នេះយើងត្រូវរួមគ្នាការពារសុខសន្តិភាព ​ដែលរកដោយលំបាកនេះ​ ឱ្យបានជាដាច់ខាត​ ទោះក្នុងតម្លៃណាក៏ដោយ​មិនឱ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្គ្រាមវិញបានឡើយ។ ​ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ទី នរិន្ទ ក៏បានជម្រាបជូនអំពីសមិទ្ធផលនានាកំពុងកើតមាន ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ចំណងដៃជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន និង ឯកឧត្តម ទី នរិន្ទ ​បានផ្តាំផ្ញើដល់សមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់​តាមដានពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ជួយអន្តរាគមន៍ដោះស្រាយសំណូមពរ​ឱ្យទាន់ពេលវេលា​ និងចេះរួមរស់ជាមួយគ្នាដូចគ្រួសារតែមួយ ក្រោមដំបូលតែមួយ និងក្រោមឆ័ត្រតែមួយ ព្រមទាំងបានអំពាវនាវសូមឱ្យ​បងប្អូនទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ​ទី ​នរិន្ទ ​បានបំពាក់មេដាយជានិមិត្តរូប​មេដាយសំរិទ្ធិ ១០​ និងមេដាយប្រាក់ ១០​ និងបានចែកជូនវត្ថុកំដរដៃដល់អតីតយុទ្ធជនកម្ពុជាស្រុកភ្នំក្រវាញ​ចំនួន៨៦៣នាក់​ ដែលក្នុងម្នាក់ៗទទួលបានសារុង១ ថវិកា៥ម៉ឺនរៀលផងដែរ៕

ដោយ​ ណៅ ធឿន (AKP)