លោកឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមហ៊ុន K99 Group ឧបត្ថម្ភរថយន្តពេទ្យសង្គ្រោះ ០៣គ្រឿង និងទឹកបរិសុទ្ធ ៥.០០០កេស ដល់រដ្ឋបាលខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោក ឧកញ៉ា ឬទ្ធី រស្មី និងលោក ជំទាវ ក្រុមហ៊ុន K99 Group  បានឧបត្ថម្ភរថយន្តពេទ្យសង្គ្រោះ ចំនួន ០៣គ្រឿង និងទឹកបរិសុទ្ធចំនួន ៥.០០០កេស ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានហានិភ័យផ្សេងជាយថាហេតុ ។

លោកឧកញ៉ា ឬទ្ធី រស្មី  បានបញ្ចាក់ថាដោយសារតែគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយទាមទារតម្រូវការរថយន្តសង្គ្រោះនាពេលបច្ចុប្បន្ន ទើបលោកបានជួយឧបត្ថម្ភនូវរថយន្តពេទ្យសង្គ្រោះ និងទឹកបរិសុទ្ធ ដើម្បីឱ្យរដ្ឋបាលខេត្តយកមកប្រើប្រាស់ក្នុងការជួយប្រជាពលរដ្ឋ ដែលមានហានិភ័យផ្សេងៗជាយថាហេតុក្នុងក្រុង ខេត្តព្រះសីហនុ ។

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោកឧកញ៉ា ឬទ្ធី រស្មី និងលោកជំទាវ ប្រធានក្រុមហ៊ុន K99 Group  ដែលបានផ្តល់រថយន្តសង្គ្រោះចំនួន ០៣គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុ ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដូច្នេះតម្រូវការរថយន្តសង្គ្រោះនាពេលបច្ចុប្បន្ន មានការកើនឡើងដោយគ្រោះថ្នាក់ចរាចរណ៍កំពុងមានការប្រឈមខ្ពស់នៅខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រថយន្តសង្គ្រោះទាំង ០៣គ្រឿង ប្រគល់ឱ្យមន្ទីរសុខាភិបាលខេត្ត ដោយបែងចែកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ០១គ្រឿង មណ្ឌលសុខភាពឃ្លាំងលើ ០១គ្រឿង និងប្រគល់ទៅមន្ទីរពេទ្យស្រុកកំពង់សិលា ០១គ្រឿង ដើម្បីជួយសម្រួលសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងមានហានិភ័យផ្សេងៗបានទាន់ពេលវេលា ៕ដោយ៖ចំណាន