សេចក្តីអំពាវនាវ នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅថ្ងៃទី១០-១១ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ និងសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរជនទាំងជាតិ-អន្តរជាតិ សូមព្រះមេត្តា និងមេត្តាជ្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបើកឱកាសជូនប្រជារាស្រ្តកម្សាន្តសប្បាយរីករាយ និងចូលរួមថែរក្សាឱ្យគង់វង្សនូវប្រពៃណីជាតិ ដែលជាប់ទាក់ទងទៅនឹងប្រវត្តិសមយុទ្ធ នៃកម្លាំងសាមគ្កីកងទ័ពជើទឹករបស់ខ្មែរ។

ក្នងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ នឹងមានទូកនិងកីឡាករ កីឡាការិនីទូកអុំ ទូកចែរ ជាច្រើនមកពីក្រសួង ស្ថាប័ន អង្គភាព រាជធានី និងគ្រប់ខេត្ត ចូលរួមប្រណាំងអបអរសាទរ ហើយក៏មានរៀបចំជារង្វាន់សម្រាប់ជូនដល់ទូកដែលនឹងទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីទូកទាំងអស់ផងដែរ។

អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរជនទាំងជាតិ-អន្តរជាតិ សូមព្រះមេត្តា និងមេត្តាជួយឧបត្ថម្ភជាថវិកា ឬជាសម្ភារមាន ខោ អាវ មួក កន្សែង សារុង ក្រមា ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត​ ដើម្បីបានជូនជារង្វាន់ដល់ក្រុមកីឡាករ កីឡាការិនីទូកអុំ ទូកចែរ និងបានចូមរួមចំណែកបម្រើការរៀបចំព្រះរាជពិធីបុណ្យប្រពៃណីជាតិយើង ឱប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ប្រកបដោយបរិយាកាសសប្បាយរីករាយ ៕ ដោយ៖ ខៀវ យុទ្ធវង្ស