សេចក្ដីប្រកាសព័ត៌មាន ការសិក្សាស្រាវជ្រាវថ្មីៗចំនួន២បង្ហាញថា វិធានការសាធារណៈអាចបង្កើនការវិនិយោគលើការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលពន្លឺព្រះអាទិត្យ

(ភ្នំពេញ)៖ របាយការណ៍ស្រាវជ្រាវថ្មីចំនួន២ ដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់​​ពី​​ការប្រែប្រួលអាកាស​ធាតុ​លើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា» និង « ការកាត់បន្ថយហានិភ័យវិនិយោគក្នុង​វិស័យថាមពល​កកើត​ឡើង​វិញ​នៅប្រទេសកម្ពុជា (DREI)» ត្រូវបានប្រកាសផ្សព្វផ្សាយ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ ​ក្រោមអធិបតី​ភាព​ ឯកត្តម សាយ សំអាល់ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួង បរិស្ថាន​ ព្រម​ទាំង​មន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួងពាក់ព័ន្ធនានា។ វិធានការគោលនយោបាយសាធារណៈទាំងនេះ អាចកាត់បន្ថយ​ហានិភ័យនិងជួយសម្រួលនូវបរិយាកាសអំណោយផលសម្រាប់វិនិយោគិនវិស័យឯកជន ដែលមានបំណងវិនិយោគលើវិធាន​ការ​បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងលើគម្រោងថាមពលពន្លឺព្រះអាទិត្យ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល​ ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យ​ឯកជន​ផងដែរ។ របាយការណ៍ទាំង នេះ បានរៀបចំដោយអគ្គលេខា​ធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបាន​​​សហការយ៉ាងជិតស្និទ​ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍នានាជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្ថានទូតស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា របាយការណ៍ទាំងពីរនេះ មាន​ទំនាក់​ទំនង​ជាមួយនឹងគោលដៅរួមក្នុងការកាត់បន្ថយការ​​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្តថា របាយការណ៍ស្ដីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​​កម្ពុជា បានរកឃើញថា ត្រឹមឆ្នាំ ២០៥០ ការប្រែប្រួលអាកាសធាតុនឹងនាំឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.​)នៅកម្ពុជាថយចុះ ,៨% ដោយសារការថយចុះផលិតភាពរបស់កម្មករនិយោជិត ព្រោះតែកំណើន​សីតុ​ណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់ទិន្នផល កសិកម្ម​ជាដើម។

ជាការឆ្លើយតប របាយការណ៍នេះបានដាក់ជូននូវអនុសាសន៍គោលនយោបាយ​សម្រាប់គាំទ្រ​វិនិយោគ​លើ​ការបន្ស៊ាំ​​ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា រហូតដល់ ២ ភាគ ៣។ ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ DREI បានបង្ហាញពីបណ្តាវិធានការ​ដែលមាន​ប្រសិទ្ធភាព​ចំណាយសម្រាប់ជំរុញឱកាសវិនិយោគក្នុងអនុវិស័យថាមពលពន្លឺព្រះអាទិត្យទាំង៤៖ ១) ថាមពលពន្លឺព្រះអាទិត្យ​​ខ្នាតធំ ២) ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅលើដំបូល ៣) ប្រព័ន្ធ​បណ្តាញ​ខ្នាតតូច​ថាមពល​​ពន្លឺព្រះអាទិត្យនិងអាគុយ និង​៤)​ប្រព័ន្ធពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ។ របាយការណ៍​នេះ ក៏បានរកឃើញផងដែរថា ការវិនិយោគ​លើ​ថាមពលពន្លឺ​ព្រះអាទិត្យត្រឹមតែជាង ៧០០MW អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ប្រមាណ ៨,៧ លាន​តោន​ដោយ​ផ្ទាល់ត្រឹមឆ្នាំ២០៤៥។

ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុង​សុន្ទរកថារបស់ឯឧត្ដមថា កម្ពុជា​ស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីដែលងាយទទួលរងគ្រោះខ្លាំងដោយសារ​ការ​ប្រែប្រួល​​អាកាសធាតុ ខណៈដែលសមត្ថភាពស្ថាប័នក្នុងការកាត់បន្ថយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅមានកម្រិតនៅឡើយនេះជាហានិភ័យមួយដែលអាចនឹងធ្វើឱ្យប៉ះពាល់ដលល្បឿននៃការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ប្រសិនបើយើងមិនបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយរួមគ្នា

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជា​អាទិភាព​សំខាន់មួយដោយ បានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣)​។ ឯកឧត្តម រស់សីលវ៉ា បានសង្កត់ធ្ងន់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវមានលក្ខណៈប្រទាក់ក្រឡា និងបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងចំណោមស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ ទាំងថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ ព្រមទាំងទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។ ជាការឆ្លើយ​តបនឹង​ការប្រែ​ប្រួល​អាកាស ធាតុ និងការបង្កើនភាពប្រកួតប្រជែង និង កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព រាជរដ្ឋាភិបាល​បានគិត​គូរ​កែ​​លម្អគោលនយោយបាយជាតិ​ស្តីពីថាមពល ជាពិសេសការ​ធ្វើពិពិធកម្ម​ទៅ​រ​កថាម​ពលកកើតឡើងវិញ ពោលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

របាយការណ៍ DREI របស់កម្ពុជា គឺជារបាយការណ៍ស្ដីពីការកាត់បន្ថយហានិភ័យទីមួយនៅលើពិភព​លោក ដែល​​ផ្ដោតជាក់លាក់លើថាមពលពន្លឺព្រះអាទិត្យ ដោយបានសិក្សាលើបច្ចេកវិទ្យាថាមពលពន្លឺ​ព្រះ​អាទិត្យ​ដែលភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង និងដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង។ ឱកាសភ្ជាប់ជាមួយ​នឹងបណ្ដាញរដ្ឋ(ប្រព័ន្ធខ្នាតធំ និងប្រព័ន្ធបំពាក់លើដំបូល) ​មានសក្តានុពល​ផ្ដល់នូវប្រភពថ្មីសម្រាប់ផលិតអគ្គិសនីដែលស្អាត និងមានការប្រកួតប្រជែងផ្នែកតម្លៃ ព្រមទាំងលើក​កម្ពស់សន្តិសុខថាមពលសម្រាប់ប្រទេសកម្ពុជា។ បច្ចេកវិទ្យាថាមពលពន្លឺ ព្រះអាទិត្យដែលមិនភ្ជាប់​ជាមួយនឹ​ង​បណ្ដាញ​រដ្ឋ (ប្រព័ន្ធ​បណ្តាញ​ខ្នាតតូច​ថាមពល​​ពន្លឺព្រះអាទិត្យ និងអាគុយ និងប្រព័ន្ធថាមពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ)​ មានសក្តានុពលបង្កើនលទ្ធភាពទទួលបានថាមពល និងគុណភាពនៃសេវាថាមពលនៅតាមតំបន់ដាច់ស្រយាល។

គំរូនេះបង្ហាញថា ការចាត់វិធានការកាត់បន្ថយហានិភ័យ ដូចដែលផ្ដល់ជូនជាអនុសាសន៍ទាំងនេះនឹងនាំមកនូវការសន្សំសំចៃ។ គំរូនេះអស់ចំណាយប្រមាណ ៦៨ លានដុល្លារ (គិតរហូតដល់ឆ្នាំ ២០៣០) និងអាចនាំឱ្យមានការសន្សំប្រាក់បាន ១៤៦ លានដុល្លារសម្រាប់សេដ្ឋកិច្ច។ ខណៈពេលដែលភាពជឿនលឿនខាងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងថាមពលស្អាត ដំបូងឡើយបានផ្ដល់នូវលទ្ធភាពឱ្យគេអាចច្របាច់វិធានការអាកាសធាតុ និងកំណើនសេដ្ឋកិច្ចបញ្ចូលគ្នា វិធានការគោលនយោបាយ សាធារណៈ ដូចជា វិធានការដែលបានផ្ដល់ជាអនុសាសន៍នៅក្នុងរបាយការណ៍នេះ មានតួនាទីយ៉ាងសំខាន់ដើម្បីជួយពង្រឹង និងសម្របសម្រួល ដល់ទំនាក់ទំនងបែបនេះនៅក្នុងការអនុវត្តជាក់ស្ដែង៕ ដោយ៖ចំណាន