ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ២៧ កន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលសង្ស័យថាអាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃ

(ភ្នំពេញ)៖ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ២៧ កន្លែងនៅក្នុងរាជធានីភ្នំពេញដែលសង្ស័យថាអាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃ និងតម្រូវឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ នេះគឺជាការថ្លែងបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ដោយបាន បញ្ជាក់ថារហូតមកទល់ពេលនេះ ក្រសួងបរិស្ថានបានជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៥៩ កន្លែងហើយក្នុងនោះរួមមានរាជធានីភ្នំពេញចំនួន ២៧ កន្លែង ខេត្តសៀមរាបចំនួន ៣០ កន្លែង និងខេត្តព្រះសីហនុចំនួន ២ កន្លែង។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មមានលាក់ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ សូមប្រញាប់ប្រគល់ជូនដល់សមត្ថកិច្ច ហើយបើប្រសិនបើសមត្ថកិច្ចរកឃើញនិងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃផ្សេងគឺល្មើសច្បាប់ត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥) ដែលប្រសិនបើរកឃើញថាមានកំហុស នោះនឹងត្រូវប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារថែមទៀតផង។

ការជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពីការជួញដូរសត្វព្រៃខុសច្បាប់ទាំងអស់នេះត្រូវបានឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា គូសបញ្ជាក់ឱ្យដឹងថា ធ្វើឡើងបន្ទាប់ពីតាមរបាយការណ៍អង្កេតស្រាវជ្រាវយ៉ាងដិតសល់របស់កម្លាំងមានសមត្ថកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមានលក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជាងនេះទៀត ការកើតមាននូវសកម្មភាពទាំង នេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។ សកម្មភាពទាំងនេះត្រូវប្រឈមនឹងការអនុវត្តច្បាប់ដ៏តឹងរឹងបំផុត»។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចេញលិខិតជូនដំណឹងនេះដើម្បីណែនាំដល់ម្ចាស់អាជីវកម្មទាំងឡាយបញ្ឈប់ជាបន្ទាន់នូវការជួញដូរសត្វព្រៃខុសច្បាប់នេះ និងការពង្រឹងបន្ថែមនូវការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសដើម្បីលុបបំបាត់ការជួញដូរសត្វព្រៃគ្រប់រូបភាពទាំងអស់ទាំងកន្លែងកែច្នៃ និងកន្លែងលក់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិគឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក»។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃ ខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។

សូមបញ្ជាក់ថាកន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។ ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងទៀតដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។ បរទេស មួយចំនួនបានស្នើសុំឱ្យមានការដុតបំផ្លាញចោលនូវវត្ថុដ៏មានតម្លៃទាំងនេះ ប៉ុន្តែ កាលពីខែ កុម្ភៈ ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យសមត្ថកិច្ចត្រូវរក្សាទុកនូវភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀតដែលកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបានរក្សាទុកដើម្បីដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ ព្រោះនេះគឺជារបស់កម្រហើយវាជារបស់ដែលវាជិតដាច់ពូជទៀតផង។ បច្ចុប្បន្ន ភ្លុកដំរី និងកុយរមាស រួមនឹងសំណាកសត្វកម្រផ្សេងទៀតត្រូវបានរក្សាទុកនៅកន្លែងដ៏មានសុវត្ថិភាពបំផុត។

កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនាពេលថ្មីៗនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដោយបានចេញវិធានការរឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់ សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀតដែលច្បាប់ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ចំណុច រួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មានដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុនៃចំណាត់ការផ្លូវតុលាការ៕ ដោយ៖ចំណាន