ស.ស.យ.កស្រុកកែវសីមា ចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមខេត្តក្នុងការជួយដោះស្រាយដល់ពលរដ្ឋរងគ្រោះ

(មណ្ឌលគិរី)៖  លោក ហឿន សុខណា ប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា និងសហការី បានចូលរួមអមដំណើរលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា អនុសាខាស្រុក ក្នុងការចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌មួយចំនួន ចែកជូនដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន០៥គ្រួសារ ស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

លោក ហឿន សុខណា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ចំនួន០៥គ្រួសារ នាពេលនោះ ក្នុងនោះ គ្រួសារ រងគ្រោះដោយអគ្គីភ័យ ឆាបឆេះផ្ទះមួយខ្នង ទទួលបានថវិកាពីស.ស.យ.កខេត្ត និងស.ស.យ.កស្រុកចំនួន ៩៦០,០០០រៀល ដោយឡែក គ្រួសារក្រីក្រ និងចាស់ជរា ចំនួន៤គ្រួសារបន្ថែមទៀត ក្នុង១គ្រួសារ ទទួលបានថវិកា២ម៉ឺនរៀល។ លោក បន្ថែមថា ថវិកាទាំងនេះ គឺបានពីសមាជិក សមាជិកាស.ស.កខេត្ត និងស្រុក ដើម្បីចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយដោះស្រាយការលំបាករបស់ពួកគាត់ បានមួយរយៈពេលខ្លីផងដែរ៕