សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចាត់ឲ្យឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ផ្តល់អំណោយជាឃីត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន១៣១ គ្រួសារ

(ស្ទឹងត្រែង)៖​ កាលពីព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៩ ខែកញ្ញា​​ ឆ្នាំ២០១៩​នេះ​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជាឃីតរួមមាន(មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​​ ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន១៣១ គ្រួសារ មកពីភូមិចំនួន៣ ក្នុង ឃុំព្រះរំកិល ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីនេះរៀបចំធ្វើឡើងនៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តដំរីស និងដោយបានការអញ្ជើញចូលរួមពីសំណាក់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ ការស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់​នាពេលនេះ។

ជាមួយគ្នានេះឯកឧត្តម បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងមន្ត្រីសាខា ក្រុងស្រុកទាំងអស់ត្រៀមខ្លួនឱ្យបានរួចរាល់នូវកម្លាំងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ជាពិសេសធនធានសម្ភារៈ ធ្វើយ៉ាងណាដើម្បីឆ្លើយតប និងសង្គ្រោះឱ្យបានទាន់ពេលវេលា ទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ។

ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រឡាញ់គ្នា មានរឿងអ្វីក៏ដោយត្រូវដោះស្រាយគ្នាដោយមិនប្រើប្រាស់នូវអំពើហិង្សាផ្សេងៗ និងត្រូវថែទាំសុខភាពឱ្យបានល្អ ផឹកទឹកដាំឆ្អិនល្អ​ រស់នៅក្នុងបរិស្ថានស្អាត​ មានអនាម័យ​ ត្រូវគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ៗដែលមាន បញ្ហាកាយសម្បទានិងក្មេងតូចៗកុំឱ្យទៅក្បែរទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។

សូមបញ្ជាក់បន្ថែមពីលើអំណោយដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនជាឃីត រួមមាន ( មុង ភួយ សារុង ក្រមា អាវយឺត) ហើយនោះ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំង១៣១គ្រួសារ ក៏ទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី១០កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី១ដប, ទឹកសុីអ៊ុីវ២ដប, ឆៃប៉ូវ ១គីឡូក្រាម, សណ្តែកសៀង ១គីឡូក្រាម និងប៊ីចេង ១គីឡូក្រាម ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមុងចំនួន១ ក្នុងមួយគ្រួសារពីមន្ទីរសុខាភិបាលផងដែរ៕ ដោយ៖ចំណាន