(Video Inside)៖ ក្រសួងបរិស្ថាន ផ្សព្វផ្សាយស្ពតវីដេអូអប់រំបរិស្ថាន ក្នុងគោលបំណងបង្កើនចំណេះដឹង និងចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋទាក់ទងនឹងការប្រើប្រាស់ថង់ប្លាស្ទិក

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានផលិត និងផ្សព្វផ្សាយស្ពតវិដេអូអប់រំបរិស្ថានមួយក្នុងគោលបំណងបង្កើនចំណេះដឹង ក៏ដូចជាចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការប្រើប្រាស់ថង់ប្លាស្ទិក និងដើម្បីបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានានូវកិច្ចគាំពារសុខភាពសាធារណៈបរិស្ថាន និងសោភ័ណភាព។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង ១ម៉ឺនតោនក្នុងមួយថ្ងៃៗ ដែលពលរដ្ឋរស់នៅក្នុងរាជធានី និងក្រុងធំៗ ត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម ១គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។

សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ថង់ប្លាស្ទិក។ ខេត្តរាជធានីធំៗ ដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយ ថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាមជិត ៤០០ តោនក្នុងមួយថ្ងៃ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ច ចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចធ្វើទៅបាន តាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។ ម្ចាស់អាជីវកម្ម ​និងម្ចាស់សេវាកម្មនានាដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ហើយស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានទទួលការលើកទឹកចិត្ត។

ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដោយបានកំណត់ពីវិធានការគិតតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្តផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកបានផ្តោតលើចំណុចសំខាន់ចំនួន ៤៖ ទី១. ការកំណត់ប្រភេទទំហំកម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរ ត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និង ការប្រើប្រាស់ (កម្រាស់០,០៣ មិល្លីម៉ែត្រ និងរង្វាស់ទទឹងបាត ២៥ សង្ទីម៉ែត្រ)។ ទី២. ការលើកទឹកចិត្ត៖ ការនាំចូលនិងផលិតប្លាស្ទិកឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិក ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ។ និងទី៣.ការនាំចូលឬផលិតថង់ប្លាស្ទិកនឹងជាប់អាករពិសេស និងទី៤. ការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖ ការផ្តល់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនិងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ត្រូវគិតតម្លៃបន្ថែម។

ឯកឧត្តមបានលើកឡើងថា ថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ៕ ដោយ៖ចំណាន