លិខិតមិត្តអ្នកអាន៖ ” ចង្កៀងជិតអស់ប្រេងរបស់ សម រង្ស៊ី “

(ភ្នំពេញ)៖ កាលពីថ្ងៃទី ៧ កញ្ញា លោក សម រង្ស៊ី និងគូកនបានរៀបចំវេទិកាជួបជុំមួយនៅឯទីក្រុងប៉ារីសប្រទេសបារាំងដែលគេអាចកត់ សំគាល់ឃើញបាននូវ បរិយាកាសនៃវេទិកានោះមានសភាពសោះកក្រោះដោយសារ តែមានមនុស្សចូលរួមតិចតួច បំផុតទោះបីជាសម រង្ស៊ី ខំប្រឹងប្រមែប្រមូលតាំងពីអ្នកស្រុកបារាំង ស្រុកប៊ែលហ្សិក ស្រុកស្វីស និងប្រទេសមួយចំនួនទៀតក្បែរខាងបារាំងឲ្យមកចូលរួមក៏ដោយ។ នៅក្នុងវិដេអូដែលបានបង្ហោះ បើខ្ញុំមើលចំនួនអ្នក ចូលរួមប៉ុន្មានសិបនាក់នេះ ក៏អាចសន្និដ្ឋានបានថា នេះគឺជាវេទិកា ដើម្បីស្តាប់លោក សម រង្ស៊ី ច្រៀងចម្រៀងដដែលៗ ហើយហាក់បីដូចបង្កប់ន័យជាការលា សកម្មជនរបស់ខ្លួនជាចុងក្រោយហើយ ពីព្រោះលោក រង្ស៊ីហាក់ ដូចជាបានវាយតំលៃនិងសន្និដ្ឋានច្បាស់លាស់ទុកជាមុនហើយថា អាជីពនយោបាយរបស់ខ្លួនគាត់ បានដើរមកដល់ទីបញ្ចប់ដោយគ្មានគ្រូបាអាចារ្យណាអាចជួយ ស្តារបានឡើយដូចខ្លឹមសារ ក្នុងបទចម្រៀងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន សរសេរថា ” ស្ពានក៍បាក់ ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅជួបគូរសង្សារ “។

ម៉្យាងទៀត បើយើងស្តាប់សម្តី លោកសម រង្ស៊ី និយាយក្នុងវេទិកានោះ យើងរឹតតែអាចសន្និដ្ឋានបានថា អ្នកនយោបាយទាល់ប្រាជ្ញ ទាល់ច្រកវ័យ ៧០ ឆ្នាំរូបនេះ ហាក់ដូចជាលែងអាចគ្រប់គ្រងខ្លួនឯងបានទៀតហើយ។ ស្តាប់លោករង្ស៊ីនិយាយចុះនិយាយឡើង នៅតែរឿងដដែលៗ ៖ រឿងចិនដែលចូលមករកស៊ីនិងមកធ្វើទេសចរនៅស្រុកខ្មែរត្ រូវបានគាត់បកស្រាយព្រលាត់ ទៅជាថាមកយកដីខ្មែរ និងមកការពារអំណាចលោក ហ៊ុន សែនទៅវិញនៅពេលដែលពលរដ្ឋ ខ្មែរជាច្រើនបានទទួលបានការ ងារធ្វើនិងផលប្រយោជន៍ពីការជួលផ្ទះ ជួលឡាន ជួលដី លក់ដី ។ល។ អោយអ្នករកស៊ីមកពីចិនជាពិសេស ប្រជាជន នៅខេត្រព្រះសីហនុ កំពត ភ្នំពេញ។ល។  រឿងដីធ្លីដែលគេដោះស្រាយឡើងស្ងាត់ស្ទើរតែអស់រលីងទៅហើយនោះ ត្រូវបានលោក សម រង្ស៊ី បំភ្លៃថាជារឿងធំធេងណាស់។ 

ប៉ុន្តែអ្វីដែលជាការទប់សំណើច មិនបានគឺសូម្បីតែរឿងអ្នកផឹកស្រាស្រវឹងក៏សម រង្ស៊ី បន្ទោសអាជ្ញាធររដ្ឋាភិបាលដែរ។ ហើយអ្វីដែលគួរឲ្យហួសចិត្តជាងនេះគឺ សម រង្ស៊ី បានលើកករណីគ្រោះថ្នាក់ចរាចរណ៍មកចោទថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចេតនាធ្វើឲ្យពលរដ្ឋរបស់ខ្លួនអាយុខ្លី? ចំពោះចំណុចនេះ ពិតជាមានមនុស្សជាច្រើនបានអស់ សំណើចពេលបានលឺសម រង្ស៊ី លើកឡើងបែបនេះមកធ្វើជាអំណះអំណាងពន្យល់ប្រាប់អ្នកគាំទ្ររបស់ខ្លួនហើយបានលាន់មាត់ថា សម រង្ស៊ី អស់ក្បួនភូត ហើយទើបបានជាចុងក្រោយដល់ថ្នាក់លើកយកករណីគ្រោះថ្នាក់ចរាចរណ៍មកចោទលោក ហ៊ុន សែន ថាមានបំណងចង់ឲ្យពលរដ្ឋរបស់ខ្លួនអាយុខ្លី រីឯអ្នកខ្លះទៀតក៍បាននិយាយថា អ៊ីចឹងទេ តើបានជាធ្វើនយោបាយយូរៗ ទៅរហូតដល់រលាយរលត់គ្មានសល់អ្វី រកដីជ្រកក៏មិនបាន យ៉ាងដូច្នេះ។

បើខ្ញុំមើលនៅជ្រុងមួយទៀត ខ្ញុំយល់ថាលោក សម រង្ស៊ី ហាក់កំពុងលេងល្បែងស្វាប៉ាហ៊ី ព្រោះគាត់បានខិតខំនិយាយបំប៉ោងហួសមាឌជ្រុលពេក។ គាត់ និយាយថា គាត់មកស្រុកខ្មែរ ថ្ងៃទី ៩ វិច្ឆិកាគឺដើម្បីមកដណ្តើមអំណាចពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានពលរដ្ឋខ្មែររាប់លាននាក់មកជាមួយគាត់។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា អ្នកអង្គុយស្តាប់គាត់មានតែមួយដំបរស្វាដែលខុសឆ្ងាយកាលពីមុនដូច មេឃនិងដី។ សម រង្ស៊ី បានភ្លេចគិតថា កាលពីមុន មិនមែនមានមនុស្សតិចតួចបែបនេះទេដែល មកទទួលនិងស្តាប់គាត់។ ប៉ុន្តែ ពេលនេះ តើអ្នកទាំងនោះទៅណាបាត់អស់ហើយ?

លោកសម រង្ស៊ី ភ្លេចគិតថា កាល ពីមុនគឺ មាន សម រង្ស៊ី-កឹម សុខា ប៉ុន្តែពេលនេះ ភាគីខាងកឹម សុខា បានធ្វើពហិការមិនចូលរួមជាមួយលោក សម រង្ស៊ី ទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីអ្នកធ្លាប់គាំទ្រលោក សម រង្ស៊ី ពីមុនជាច្រើនក៏លែងរវីរវល់មកស្តាប់និងមកដាក់ស្រោមសំបុត្រជូនគាត់ដូចមុនទៀតដែរពីព្រោះតែ ពួកគេអស់សង្ឃឹមនិងអស់ជំនឿ។

អ្វីដែលគួរឲ្យកត់សម្គាល់ដ៏សំខាន់មួយទៀតនោះគឺ ទោះបីជាភាគីអ្នកគាំទ្រលោកកឹម សុខាធ្វើពហិការលែងចូលរួមនិងថែមទាំងបានជេរប្រទិចផ្តាសារ ចំអកឡយឡឺយដល់ទង្វើរបស់ សម រង្ស៊ី យ៉ាងណាក៏ដោយ និងចុងក្រោយនេះ លោក កឹម សុខា ថែមទាំងបានចេញសារតាម  

ហ្វេសប៊ុកចំអកត្រង់ៗឲ្យ សម រង្ស៊ី ថាមិនបានធ្វើជាគំរូដល់អ្នកគាំទ្រ ហើយបានព្រមានចំៗឲ្យសម រង្ស៊ីអោយឈប់យក សកម្មជនអ្នកគាំទ្រធ្វើជាឈ្នាន់ ឬជារបាំងការពារខ្លួនតទៅទៀតក៏ដោយ ក៏សម រង្ស៊ី នៅតែធ្វើមិនដឹងមិនលឺដដែល។ នៅក្នុងវេទិកា នោះ សម រង្ស៊ី នៅតែបន្តឆ្លៀតប្រើប្រាស់រូបថតចាប់ដៃជាមួយ កឹម សុខា មកព្យួរពីក្រោយវេទិការបស់ខ្លួនដើម្បីលេងប៉ាហ៊ីបន្លំភ្នែកអ្នកគាំទ្រនៅក្រៅ ប្រទេសដោយឥតអៀនខ្មាសដដែល។ 

ប៉ុន្តែខ្ញុំយល់ថា ក្បួនភូតរបស់ សម រង្ស៊ី ហាក់អស់ប្រសិទ្ធភាពហើយព្រោះមនុស្សចូលរួមក៏បាត់មុខស្ទើរអស់ ហើយខ្លឹមសារឃោសនារបស់គាត់កាន់តែបាត់ឡូហ្ស៊ីកនិងលាយលំដោយអារម្មណ៍និងកំហឹងគំនុំសងសឹកគ្រួសារផង។

ភស្តុតាងមួយទៀតដែលខ្ញុំហ៊ាន វាយតំលៃថា សម រង្ស៊ី លែងអាចគ្រប់គ្រងខ្លួនឯងបានទៀតហើយ នោះ គឺនៅត្រង់ថា គាត់ស្រម៉ៃថា មានមនុស្ស១លាន ២លាន ឬ ៣លាននាក់នឹងមកទទួលគាត់ នៅថ្ងៃ៩ វិច្ឆិកា ។ ប៉ុន្តែ នៅក្នុងវេទិកាដដែលនោះ សម រង្ស៊ី ក៍បានអះអាងថា ក្នុងមួយភូមិមានអ្នកមកទទួលគាត់ពី ៩ទៅ១០ នាក់ !

យើងដឹងថានៅទូទាំងប្រទេសកម្ពុជា មានជាង ១១០០០ ភូមិ !  ដូច្នេះ បើសរុបមនុស្សទាំងអស់ដែលមកទទួលសម រង្ស៊ី គឺ មានប្រមាណតែ ១១ ម៉ឺននាក់ ប៉ុណ្ណោះហើយនេះគ្រាន់តែជា តួលេខស្រមៃរបស់ សម រង្ស៊ី ផង។ ដូច្នេះ សំនួរសួរថា ចុះឯណា ទៅមនុស្ស មួយលាន ពីរលាន ឬ បីលាននាក់ដែលលោក រង្ស៊ីអះអាងនោះបើខ្លួនគាត់ថាមួយភូមិមាន ៩ទៅ១០នាក់ប៉ុណ្ណោះ?

បទពិសោធន៍ជាក់ស្តែងកន្លងមកគឺជាមេរៀនដែលលោក រង្ស៊ី ប្រហែលជាភ្លេចនោះ គឺភាពស្ងាត់ជ្រងំនិងគ្មានបាតុកម្មដែលគ្មានអ្នកណានឹកស្មានដល់ពេលអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន កឹម សុខា និងពេលតុលាការកំពូលចេញសាលដីការំលាយបក្សសង្គ្រោះជាតិ។ ហើយផ្ទុយទៅវីញ ពេលលោក រង្ស៊ីបើក យុទ្ធនាការ “ដេកផ្ទះឈ្នះឯង ” បែរជាប្រជាជនមិនស្តាប់ហើយនាំគ្នាទៅបោះឆ្នោតភ្លូកទឹកភ្លូកដី ទៅវិញ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំក៏បានកត់សំគាល់ឃើញលោក សម រង្ស៊ី ប្រឹងបង្ហោះរូបបាតុកម្មចាស់ៗកាលពីឆ្នាំ ២០១៣-២០១៤ ដែលថតទាំងអ្នកជាប់ស្ទះចរាចរណ៍តាមផ្លូវផង ហើយពេលខ្លះទៀត យករូបថត បាតុកម្មនៅហុងកុងមកបន្លំផងដើម្បីបង្ហាញ ថា គាត់ មានអ្នកគាំទ្រច្រើនរាប់លាន នាក់។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា កាលពីឆ្នាំ ២០១៣ និង ២០១៤ ពេលនោះគឺ ” ឡាន១ ចង្កូត២ ” មានទាំងភាគី កឹម សុខា ចូលរួមផងនៅតែមិនអាចប្តូរនិងផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន បានផង។

ចុះទម្រាំឥឡូវនេះ គ្មានភាគីលោក កឹម សុខា ចូលរួមហើយអ្នកគាំទ្រសម រង្ស៊ី ខ្លួនឯងជាច្រើនក៏នឿយណាយទៀត តើលោក រង្ស៊ីបានមនុស្សមកពីណារាប់លាននាក់ទៅទទួលគាត់។ ហើយសូមលោកសម រង្សី កុំភ្លេចថា ប្រជាពលរដ្ឋខ្មែរពេលនេះកំពុងសុខសប្បាយ ជា ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកនាពេលខាងមុខ។ ដូច្នេះ តើអ្នកណាមកចូលរួមគាំទ្រអ្នកបង្កចលាចលសង្គមដូចសមរង្ស៊ីនោះ?

ដូច្នេះសរុបទៅ សំលេងរបស់ លោកសម រង្ស៊ីនៅក្នុងវេទិកាកាលពីម្សិលមិញនេះ មើលទៅ មិនមានអ្វីខុសពីចង្កៀងដែលជិតអស់ប្រេងហើយដែលនឹងរលត់ បាត់សូន្យឈឹងនៅពេលបន្តិចទៀតនេះ៕ ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ