កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាឃីតជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣៧៥គ្រួសារ

(ស្ទឹងត្រែង)៖​ នៅរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៨ ខែកញ្ញា​​ ឆ្នាំ២០១៩​នេះ​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជាឃីតរួមមាន(មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​​ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣៧៥គ្រួសារ​ ដែលរស់នៅក្នុងភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីនេះរៀបចំធ្វើឡើងនៅទីទួលសុវត្ថិភាពក្នុងបរិវេណអនុវិទ្យាល័យអូរស្វាយ ដោយបានការអញ្ជើញចូលរួមពីសំណាក់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងក្រសួងសុខាភិបាលផងដែរ។

ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ ការស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់​ ដែលជួបគ្រោះទឹកជំនន់​នៅក្នុងរដូវវស្សានេះ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុយ សំអាត បានបន្តទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរ តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយសារគ្រោះធម្មជាតិផ្សេងៗ លោកបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ។

ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ និងត្រូវចេះស្រឡាញ់គ្នា ប្តីប្រពន្ធត្រូវចេះញញឹមដាក់គ្នាយ៉ាងតិចមួយថ្ងៃឱ្យបាន១០០ដង និងសូមគិតគូរថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ​ ផឹកទឹកដាំឆ្អិនល្អ​ រស់នៅក្នុងបរិស្ថានស្អាត​ មានអនាម័យ​ ត្រូវគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យខ្លួនប្រាណ ទាំងការគេង ការបរិភោគត្រូវស្អាតជានិច្ច ព្រោះទឹកជំនន់ងាយនិងបង្កឱ្យមានមេរោគកាចសាហាវជាច្រើន ដែលងាយនឹងឆ្លងមកមនុស្សតាមរយៈការបរិភោគមិនស្អាត គេងក្នុងមុងមិនបានត្រឹមត្រូវ កង្វះអនាម័យ កត្តាទាំងនេះហើយដែលបណ្តាលឱ្យកើតមានជំងឺផ្សេងៗ និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតបានគ្រប់ពេលវេលា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំពីវិធីសាស្ត្រក្នុងការប្រើប្រាស់ឱសថព្យាបាលជំងឺឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

សូមបញ្ជាក់បន្ថែមពីលើអំណោយដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនជាឃីត រួមមាន ( មុង ភួយ សារុង ក្រមា អាវយឺត) ហើយនោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង៣៧៥ គ្រួសារ ក៏ទទួលបានអំណោយអង្ករ ២៥គីឡូក្រាម, មី១០កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ២ដប, ឆៃប៉ូវ ១គីឡូក្រាម, សណ្តែកសៀង ១គីឡូក្រាម និងប៊ីចេង ១គីឡូក្រាម ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងទទួលបានអំណោយពីក្រសួងសុខាភិបាលនូវ៖សាប៊ូដុសខ្លួន១ដុំ, សាប៊ូម្សៅ១កញ្ចប់, ច្រាស់ដុសធ្មេញ១ដើម, ថ្នាំដុសធ្មេញ១ដប និងថ្នាំលាបការពារកុំឱ្យមូស ខាំ១ដបផងដែរ៕ ដោយ៖ចំណាន