សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចាត់ឱ្យ​មន្ត្រីនៅទីស្នាក់ការកណ្តាល​ និងថ្នាក់ដឹកនាំ-មន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

(ស្ទឹងត្រែង)៖​ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៧ ខែកញ្ញា​​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីនៅទីស្នាក់ការកណ្តាល​ និងថ្នាក់ដឹកនាំ-មន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលបានជន្លៀសមកទីទួលសុវត្ថិភាពចំនួន ១៩៤គ្រួសារ​​ ដែលរស់នៅក្នុងស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ ការស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់​ ដែលរងគ្រោះដោយសារទឹកជំនន់​នៅក្នុងវដូវវស្សានេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពជាចម្បង​ ដែលក្នុងនោះ​ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់​ដោយ​ត្រូវបរិភោគ​ឱ្យបានត្រឹមត្រូវ​ ផឹកទឹកដាំឆ្អិនល្អ​ រស់នៅក្នុងបរិស្ថានស្អាត​ មានអនាម័យ​ ត្រូវគេងក្នុងមុងជានិច្ចកុំឱ្យកើតមានជំងឺគ្រុនឈាម-គ្រុនចាញ់ ជាពិសេសសូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ នារដូវទឹកឡើងនិងក្រោយពេលទឹកស្រកទៅវិញ ព្រមទាំងត្រូវមើលថែក្មេងតូចៗប្រយ័ត្នលង់ទឹកដែលអាចឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។

ទន្ទឹមនឹងនេះដែរ​ ឯកឧត្តម ឈាង ឡាក់ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង តំណាងឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​តែង​យកចិត្តទុកដាក់ ឆ្លើយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ​ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា​ និងគ្មានការរើសអើងអ្វីទាំងអស់។

គួបញ្ជា្កក់ផងដែរថា​ អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​​ និងថវិកាជូនចាស់ៗដែលជួបការលំបាកមួយចំនួនផងដែរ ៕ ដោយ៖ចំណាន