បន្តិចទៀតនេះ App ក្រសួងព័ត៌មាន និង Page Facebook នឹងធ្វើការផ្សាយបន្តផ្ទាល់(Live)សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរសាលាពិការគថ្លង់អង្គការគ្រួសារថ្មីមកក្រសួងអប់រំជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាគថ្លង់ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។ នៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេនឹងអញ្ជើញរៀបចំអាហារផ្តល់ជូនកូនក្មួយសិស្សានុសិស្សមកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីជាច្រើនរយនាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា សាលាកុមារ ពិការភ្នែក និងគថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគថ្លង់ផងដែរ។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគថ្លង់ បានដំណើរការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបានផ្ដល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើនរួមទាំងជំនួយថមូលនិធិដល់អង្គការគ្រួសារថ្មីសម្រាប់ដំណើរការកម្មវិធីជាច្រើនជារៀងរហូតមក៕​ដោយ៖សហការី