ជំនួបរវាងមេទ័ពជើងគោកកម្ពុជា-ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ

ភ្នំពេញ៖ជំនួបរវាងមេទ័ពជើងគោកកម្ពុជា-ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ។

ឯកឧត្តម Eldeen Husainni Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការសម្តែងការគួរសមនេះ គឺជាការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពជើងគោកម៉ាឡេស៊ី សំដៅថែរក្សាសន្តិសុខតំបន់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានមានប្រសាសន៍ថា ជំនួបនៅថ្ងៃនេះ បានផ្លាស់ប្តួរបទពិសោធន៍គ្នាទៅវិញទៅមកលើបញ្ហាការងារប្រឆាំងភេរវកម្ម ការរីករាលដាលនៃមនោគមវិជ្ជាជ្រុលនិយម។

សូមបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ព ការចែករំលែកព័ត៌មាន និងការងារបណ្តុះបណ្តាលធនធានមនុស្ស។