ប្រធានស.ស.យ.កខេត្តមណ្ឌលគិរី បន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត និងសិស្សានុសិស្សថ្នាក់ទី១២ ជាង៦០នាក់ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡងបាក់ឌុប ២០១៨-២០១៩

(មណ្ឌលគិរី)៖ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំលោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាស្រុក បន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស័្មគ្រចិត្ត និងសិស្សានុសិស្សថ្នាក់ទី១២ ចំនួន៦២នាក់ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ ២០១៩ នៅវិទ្យាល័យហ៊ុនសែនកោះញែក ស្ថិតនៅស្រុកកោះញែកខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

លោកប្រធាន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលស្ម័គ្រចិត្ត ចំណាយពេលវេលាទាំងកម្លាំងកាយ កម្លាំងចិត្ត ខិតខំបង្ហាត់បង្រៀនបំប៉នសិស្សានុសិស្ស សម្រាប់ត្រៀមប្រឡងបាក់ឌុប នាពេលខាងមុខ។

លោកក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវខិតខំរៀនបំប៉នបន្ថែមទៀត ដើម្បីជាមូលដ្ឋាន ក្នុងការប្រឡងទទួលបានជោគជ័យ និងជូនពរប្អូនៗប្រឡងជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា សម្រាប់មុខមាត់ខេត្ត សាលារៀន ក៏ដូចជាក្រុមគ្រួសារ ជាពិសេស ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវខិតខំថែទាំសុខភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

នាឱកាសនោះ លោក ឈឹម កាន បានផ្តល់នូវលិខិតថ្លែងអំណរគុណរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្ត ជូនដល់លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សកន្លងមក ហើយលោកក៏បាននាំយកថវិការបស់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូចំនួន០៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល បន្ថែមលើប្រាក់ឧបត្ថម្ភរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ហើយថវិកាទាំងនោះ បានមកពីការចូលរួមរបស់សប្បុរសជននានា។

បន្ទាប់មក លោក ឈឹម កាន និងក្រុមការងារ បានចុះពិនិត្យការសាងសង់អគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផងដែរ៕សម្រួលដោយ៖ ចំណាន