ប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត និងសិស្សានុសិស្សថ្នាក់ទី១២ ជិត១០០នាក់

(មណ្ឌលគិរី)៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំសមាជិក សមាជិកា ស.ស.យ.កស្រុក ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស័្មគ្រចិត្ត និងសិស្សានុសិស្សថ្នាក់ទី១២ ចំនួន៨១នាក់ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែន កែវសីមា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ឈឹម កាន ប្រធាន ស.ស.យ.កខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលស្ម័គ្រចិត្ត ចំណាយពេលវេលាទាំងកម្លាំងកាយ កម្លាំងចិត្ត ខិតខំ បង្ហាត់ បង្រៀនបំប៉នសិស្សានុសិស្ស សម្រាប់ត្រៀមប្រឡងបាក់ឌុប នាពេលខាងមុខ។

លោកក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវខិតខំរៀនសូត្រដើម្បីជាមូលដ្ឋាន ក្នុងការប្រឡងទទួលបានជោគជ័យ ហើយការប្រឡងត្រូវគោរពវិន័យ និងបទបញ្ជានៃការប្រឡងឱ្យបានល្អ​ ជៀសវាងប្រព្រឹត្តកំហុស ដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃការប្រឡង និងជូនពរប្អូនៗប្រឡងជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា សម្រាប់មុខមាត់ខេត្ត សាលារៀន ក៏ដូចជាក្រុមគ្រួសារ ហើយត្រូវបន្តចូលទៅមហាវិទ្យាបន្ថែមទៀត ជាពិសេស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។

នាឱកាសនោះ លោក ឈឹម កាន បានផ្តល់នូវលិខិតថ្លែងអំណរគុណរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្ត ជូនដល់លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សកន្លងមក ហើយលោកក៏បាននាំយកថវិការបស់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូចំនួន០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា​១០ម៉ឺន​រៀល បន្ថែមលើប្រាក់ឧបត្ថម្ភរបស់សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត ហើយថវិកាទាំងនោះ បានមកពីការចូលរួមរបស់សប្បុរសជននានាផងដែរ៕