ពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨-២០១៩

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសៅរ៍១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ឈឹម កាន ជាប្រធាន បានដឹកនាំ សមាជិក-សមាជិកា ស.ស.យ.ក ខេត្ត/ក្រុង និងស្រុក ចូលរួមអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨-២០១៩ នាពេលខាងមុននេះ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានជម្រុញឱ្យប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាដែលបានរៀនបំប៉នបន្ថែមនេះ ជាទុនក្នុងការប្រឡងប្រជែងនាថ្ងៃប្រឡងខាងមុខ ឱ្យទទួលបានជោគជ័យ នឹងទទួលបាននិទ្ទេសល្អ គ្រប់ៗគ្នា សម្រាប់មុខមាត់ខេត្ត ក៏ដូចជាសាលារៀន។

នាឱកាសនោះ ឯកឧត្តម ក៏បានផ្តល់នូវលិខិតថ្លែងអំណរគុណ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងខេត្តមណ្ឌលគិរី ជូនដល់លោកគ្រូ-អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នដល់សិស្សានុសិស្សកន្លងមក ហើយក៏បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ-អ្នកគ្រូ ទូទាំងខេត្តចំនួន១៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០០.០០០រៀល បន្ថែមលើប្រាក់ឧបត្ថម្ភរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរីផងដែរ៕