ឯកឧត្ដម តូច ប៉ូលីវ៉ា ចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី “ផ្សព្វផ្សាយអំពីយន្តការនៃការទូទាត់ចំណាយព្យាបាល និងថែទាំវេជ្ជសាស្រ្តរវាង ប.ស.ស”

ស្វាយរៀង៖​ នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី “ផ្សព្វផ្សាយអំពីយន្តការនៃការទូទាត់ចំណាយព្យាបាល និងថែទាំវេជ្ជសាស្រ្តរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស “។

ក្នុងនោះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានការិយាល័យថែទាំសុខភាពនៃបសស លោកប្រធានការិយាល័យប.ស.សសាខាខេត្តស្វាយរៀង លោក លោកស្រី ជាមន្ត្រីនៃអង្គភាពបសស លោក លោកស្រី ជាតំណាងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ចំណុះរដ្ឋបាលខេត្ត វិស័យសុខាភិបាលឯកជន និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង សរុបអ្នកចូលរួមប្រមាណជាង ១៤០នាក់។

អង្គសិក្ខាសាលាធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពក្រមសីលធម៌វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មន្ត្រីរាជការ អតីតយុទ្ធជន ដែលមានប័ណ្ណ ប.ស.ស ជាពិសេសចូលរួមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពកម្មករ កម្មការិនី ដោយលើកយកចំនុចសំខាន់នៃដំណើការទូទាត់សំណង់ ផ្នែកថែទាំសុខភាពរបស់ ប.ស.ស នីតិវិធីនៃការទូទាត់សំណងជូនមូលដ្ឋានសុខាភិបាលសាធារណៈ និងយន្តការនៃការទូទាត់ និងឯកសារយោងក្នុងការស្នើសុំការទូទាត់សំណង។

ឆ្លៀតនាឪកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានសំណូមពរ៤ចំណុច ដល់អង្គភាពពាក់ព័ន្ធមានដូចជា៖ ទី១. អនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ស្តីពីការងារ ហើយបសស ខិតខំធ្វើអោយរបបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងថែទាំសុខភាព ឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីធានាការផ្តល់សេវាឱ្យមានប្រសិទ្ធិភាព តាមរយៈការផ្តល់ឱកាសឱ្យវិនិយោជកចូលរួមកិច្ចប្រជុំយ៉ាងតិច ១ដង ក្នុង១ឆ្នាំ សម្រាប់ជាមូលដ្ឋានផ្សព្វផ្សាយដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតឱ្យយល់ពីសិទ្ធិរបស់ខ្លួន ។

ទី២. និយោជក នាយក ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់សូមចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទានបានទាន់ពេលវេលា សម្រាប់របបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងសុខភាព ដើម្បីកុំឲ្យបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករនិយោជិត។

ទី៣. គ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ បសស ជំរុញពង្រឹង និងអនុវត្តតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋ ឱ្យមានគុណភាព ប្រសិទ្ធិភាព និងទាន់ពេលវេលា។

និងទី៤. សូមឲ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិយើងឲ្យមានការរីកចំរើន និងភាពសុខដុមរមនា៕ ដោយ៖ ចំណាន