បន្តិចទៀតនេះ APP ក្រសួងព័ត៌មាន រួមទាំង Channel YouTube និង Page Facebook នឹងធ្វើការផ្សាយបន្តផ្ទាល់(Live)កម្មវិធីសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ នឹងអញ្ជើញជាអធិបតីរួមគ្នាបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់ជាច្រើនរូប។ វេទិកានេះរៀបចំឡើងក្នុងបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងកម្ពុជា និងនេប៉ាល់កាន់តែភាពប្រសើរឡើងថែមទៀត ខណៈបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកម្រិតតិចតួចបំផុត។

សម្តេចតេជោ ហ៊ុន សែន និងលោក សាម៉ា អូលី នឹងថ្លែងសុន្ទរថាគន្លឹះពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាបង្ហាញពីសក្តានុពលនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរជូនដល់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់។

សូមរងចាំតាមដានដោយមេត្រី៕